តំបន់រមណីយដ្ឋានអង្គរទទួលបានកំណើនទេសចរអន្តរជាតិរហូតដល់៦៥៣ភាគរយ

0

ដោយៈ សុខុម

សៀមរាប: ឧទ្យានបុរាណវិទ្យាអង្គរ ដ៏ល្បីល្បាញរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៤៤.៧៥៧នាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ កើនឡើង៦៥៣%ពីចំនួន៤៥.៧៧៩នាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ក្រុមហ៊ុន Angkor Enterprise ដែលគ្រប់គ្រងដោយរដ្ឋបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទី៥ ខែមិថុនាកន្លងមកថា ឧទ្យានបុរាណអង្គរ រកប្រាក់ចំណូលបានចំនួន១៦លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ដោយកើនឡើងរហូតដល់៧៦៥% ពី១,៨៥លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គ្រាន់តែក្នុងខែឧសភា ឧទ្យានបុរាណអង្គរ ដែលត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO) ក្នុងឆ្នាំ១៩៩២ បានស្វាគមន៍ជនបរទេសចំនួន៤៥.៧៥៩នាក់ ដោយរកប្រាក់ចំណូល២លាននាក់ពីការលក់សំបុត្រចូលទស្សនា។

លោកតុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេ​សចរណ៍មានប្រសាសន៍ថា កំណើនយ៉ាងច្រើននេះ ទទួលបានក្រោយពីប្រទេសចិន បានកែសម្រួលភ្លាមៗ នូវយុទ្ធសាស្ត្រប្រឆាំងកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុត និងអនុញ្ញាតឱ្យដំណើរទេសចរណ៍ ជាក្រុមនៅក្រៅប្រទេសចាប់ផ្ដើមឡើងវិញកាលពីដើមឆ្នាំនេះ។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “យើងជឿជាក់ថា ភ្ញៀវទេសចរបរទេសកាន់តែច្រើន នឹងមកលេងកម្ពុជា ជាពិសេសទៅលេងអង្គរ នៅប៉ុន្មានឆ្នាំខាងមុខ នៅពេលក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បន្តជើងហោះហើររបស់ពួកគេមកកាន់កម្ពុជា”។

លោកគូសបញ្ជាក់ថា ការត្រលប់មកវិញរបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន គឺជាសញ្ញាដ៏ល្អសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here