ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការវិនិយោគពីវិស័យឯកជន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំមកនូវប្រសិទ្ធភាពការងារ និងធនធានមនុស្សប្រកបដោយសក្តានុពល ជាពិសេសការជម្រុញដល់កំណើនសេដ្ឋកិច្ចឲ្យមានតម្លៃបន្ថែមកាន់តែខ្ពស់។
រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបាន មានប្រសាសន៍បែបនេះនៅក្នុងសិក្ខាសាលាពិគ្រោះ យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី យន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។លោកបន្តថា ការជម្រុញឲ្យមានភាពទាក់ទាញសម្រាប់វិស័យឯកជន នឹងជម្រុញឲ្យមានការចូលរួមវិនិយោគពីវិស័យឯកជន លើការវិនិយោគក្នុងវិស័យសាធារណៈ ពិតជាមានសារៈសំខាន់ ក្នុងការបង្កើនដល់កំណើនសេដ្ឋកិច្ចជាតិ បច្ចុប្បន្នប្រទេសក្នុងពិភពលោកបានកំពុងអនុវត្តន៍ និងកំពុងពេញនិយម នៅក្នុងការវិនិយោគវិស័យនេះផងដែរ។
-->
លោកវង្សី វិស្សុតបានបន្តថា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ភាពជាដៃគូរនេះ គឺជាជំហានមួយរបស់កម្ពុជា ក្នុងការកសាងក្របខណ្ឌច្បាប់ ដើម្បីយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងជាការជម្រុញលើកទឹកចិត្ត ដល់ការវិនិយោគវិស័យឯកជន ព្រោះការចូលរួមចំណែកក្នុងវិស័យឯកជន នឹងអាចនាំមកនូវប្រសិទ្ធភាពការងារ និងធនធានមនុស្សប្រកបដោយសក្តានុពល ជាពិសេសការជម្រុញដល់កំណើនសេដ្ឋកិច្ចឲ្យមានតម្លៃបន្ថែមកាន់តែខ្ពស់។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ នេះ កម្ពុជាគ្រោងចំណាយ៨% នៃផសស ក្នុងនោះមានខ្ចីពីប្រទេសជាដៃគូមានចំនួន៥% សម្រាប់ការវិនយោគសាធារណៈ ហើយនៅពេលអនាគត កម្ពុជាមិនមែនចំណាយត្រឹម៨%នេះឡើយ ដើម្បីឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ បើយើងគិតការវិនិយោគទាំងវិស័យរដ្ឋ និងវិស័យឯកជនរបស់កម្ពុជាក្នុងរយៈពេល១ឆ្នាំ គឺកម្ពុជាចំណាយលើការវិនិយោគសាធារណៈចន្លោះពី២៨ ទៅ២៩%នៃផសសប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង មានការវិនិយោគសាធារណៈនេះជាង៤០%នៃផសស ដូច្នេះកម្ពុជានឹងប្រមូលទុនទាំងក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀត ដើម្បីជម្រុញការវិនិយោគលើវិស័យសាធារណៈឲ្យកាន់តែមានតម្លាភាព៕
[:]