ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចំនួន២០ ដែលចាយប្រាក់អឺរ៉ូបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលមួយ ដោយសារតែអត្រាអតិផរណាខ្ពស់បានបង្អាក់ការចំណាយរបស់អ្នកប្រើប្រាស់ ហើយរដ្ឋាភិបាលបានរឹតបន្តឹងការចំណាយរបស់ខ្លួន។
យោងតាមការចេញផ្សាយទិន្នន័យផ្លូវការដែលបានកែសម្រួលកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ទិន្នផលសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះ០,១% ខណៈនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២២ ទិន្នផលសេដ្ឋកិច្ចក៏បានធ្លាក់ចុះ០,១% ផងដែរ។
ដោយធ្វើអត្ថាធិប្បាយលើទិន្នន័យតំបន់ចាយប្រាក់អឺរ៉ូ លោក Andrew Kenningham ប្រធានសេដ្ឋវិទូអឺរ៉ុបនៅក្រុមហ៊ុន Capital Economics បានលើកឡើងថា ការប្រើប្រាស់របស់គ្រួសារបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតម្លៃទំនិញហក់ឡើងខ្ពស់ និងការកើនឡើងនៃអត្រាការប្រាក់។
ទន្ទឹមនឹងនេះ អត្រាអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានហក់ឡើងខ្លាំងកាលពីឆ្នាំ២០២២ នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់។បន្ថែមពីលើវិបត្តិថាមពល ការធ្លាក់ចុះយ៉ាងខ្លាំងនៃការចំណាយរបស់រដ្ឋាភិបាលក៏ជាកត្តាជំរុញដ៏សំខាន់មួយទៀតនៃការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបរបស់តំបន់ចាយប្រាក់នៅដើមឆ្នាំនេះផងដែរ៕