ដោយៈ សុខុម
ហូជីមិញ: ទីផ្សារលំនៅដ្ឋានក្រុងហូជីមិញ ប្រទេសវៀតណាម ស្ងាត់ដូចចោរលួចសេះ ដោយអាផាតម៉ិន និងផ្ទះត្រឹមតែ១៤៣យូនីត/ខ្នងប៉ុណ្ណោះ ដែលត្រូវបានលក់ចេញក្នុងខែឧសភា។
ការលក់លំនៅដ្ឋាននៅទីក្រុងនេះ បានដាំក្បាលចុះរហូតដល់៩៨% ខណៈតម្រូវការអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ។ នេះបើយោងតាមសារព័ត៌មាន Vietnam Express ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា។
ក្រុមហ៊ុននេះបានឱ្យដឹងទៀតថា ផ្ទះត្រឹមតែ៥ខ្នងប៉ុណ្ណោះត្រូវបានលក់ចេញអំឡុងពេលនេះ នៅទីក្រុងហូជីមិញ និងបណ្ដាខេត្តក្បែរខាង ដោយធ្លាក់ចុះ៩៩%។ ទោះបីជាក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន កាលពីខែមុន បានផ្ដល់ប្រូម៉ូសិនលក់ផ្ទះបញ្ចុះតម្លៃពិសេសពី១៥%ទៅ១៨% និងផ្ដល់អត្រាការប្រាក់ទាបយ៉ាងណាក្ដី ក៏នៅតែមានអតិថិជនតិចតួច ដែលមានចំណាប់អារម្មណ៍ចង់ទិញផ្ទះ។សមាគមភ្នាក់ងារអចលនទ្រព្យវៀតណាម លើកឡើងថា កង្វះអតិថិជន និងការធ្លាក់ចុះសាច់ប្រាក់ បានចាប់ផ្តើមកើតមានឡើងកាលពីឆ្នាំមុន ហើយបានបន្តដល់ឆ្នាំនេះ។
សមាគមនេះនិយាយទៀតថា ការលំបាកផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនចំពេលស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល គឺជាហេតុផលចម្បងដែលធ្វើឱ្យតម្រូវការលំនៅដ្ឋាន ធ្លាក់ចុះខ្លាំងបែបនេះ ហើយថាអត្រាការប្រាក់ខ្ពស់ ក៏បានរារាំងអ្នកទិញពីការទិញផ្ទះផងដែរ ហើយម្យ៉ាងទៀត ពួកគេចូលចិត្តរក្សាប្រាក់របស់ខ្លួន នៅក្នុងធនាគារជំនួសវិញ៕ Vietnam Express៕