ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Seaplane Asia Limited វិនិយោគរួមគ្នា ដើម្បីបើកដំណើរការសេវាកម្មយន្តហោះ ចុះលើទឹកដំបូងបង្អស់នៅកម្ពុជា

0

ដោយ: គង់ លាងហួរ
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា​ គិត​ ម៉េង និងក្រុមហ៊ុន Seaplane Asia Limited វិនិយោគរួមគ្នា​ ដើម្បីបើក​ដំណើរការសេវាកម្មយន្តហោះ ចុះលើទឹកដំបូងបង្អស់នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន Senplane Asia Limiter នៃទីក្រុងហុងកុង និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដាក់ទុនរួមគ្នាដើម្បីបង្កេីតក្រុមហ៊ុន Royal Group Samra Seaplane Cambodia ដោយបើកដំណើរការសេវាកម្មយន្តហោះ ចុះលើទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។តាមរយៈការបង្កើតក្រុមហ៊ុន Royal Group Samra Seaplane ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីចេតនារួមគ្នា ក្នុងការបង្កើតប្រតិបត្តិការសេវាកម្មយន្តហោះចុះលើទឹកប្រកបដោយនិរន្តរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីបង្កើនការប្រើប្រាស់ផ្លូវអាកាស ក៏ដូចជា ការតភ្ជាប់គ្នាទៅវិញទៅមកសម្រាប់ប្រជាជនទូទៅ អាជីវកម្ម និងភ្ញៀវទេសចរនានា។ លើសពីនេះ សេវាកម្មយន្តហោះចុះទឹក នឹងបង្កើនការផ្តល់ជូននិង បទពិសោធន៍បន្ថែមសម្រាប់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។

កិច្ចសហការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជា ដោយបានបង្កើតសេវាកម្មយន្តហោះចុះលើទឹកលំដាប់ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Royal Group Samra Seaplane មានគោលដៅកំណត់ស្តង់ដាថ្មីសម្រាប់ការដឹកជញ្ជូនតាមយន្តហោះចុះលើទឹកប្រកបដោយគុណភាពខ្ពស់ និងសេវាកម្មបែបស៊ីវិល័យ ដោយបម្រើជូនតម្រូវការដ៏សម្បូរបែបលើសពីសេវាកម្មទេសចរណ៍។ ទន្លេ បឹងបួ និងតំបន់ឆ្នេរសមុទ្រដ៏អស្ចារ្យនានារបស់ប្រទេសកម្ពុជា ក្លាយជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការដឹកជញ្ជូនតាមយន្តហោះចុះលើទឹក ដោយផ្តល់ឱកាសដល់ភ្ញៀវទេសចរ ដើម្បីទទួលយកបទពិសោធន៍នៃទិដ្ឋភាពពីលើអាកាសដ៏គួរឱ្យស្ញប់ស្ញែង នៅពេលធ្វើដំណើរតភ្ជាប់ទៅទិសដៅផ្សេងៗនៅទូទាំងប្រទេស។ ក្រុមហ៊ុន Royal Group Samra Seaplane នឹងផ្លាស់ប្តូរការដឹកជញ្ជូននៅប្រទេសកម្ពុជា ជាវិជ្ជមាន ដោយផ្តល់នូវភាពងាយស្រួល ភាពប្រណិត និងការតភ្ជាប់ដែលមិនអាចប្រៀបផ្ទឹមបាន។

ដោយរួមបញ្ចូលគ្នានូវបទពិសោធន៍ ធនធាន និងជំនាញរបស់ក្រុមហ៊ុន រ៉ូយ៉ាលគ្រុប និងក្រុមហ៊ុន Seaplane Asia, ក្រុមហ៊ុន Royal Group Samra Soaplane ត្រៀមខ្លួនជាស្រេចដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរ និងបង្កើនការទទួលបានសេវាកម្មធ្វើដំណើរក្នុងប្រទេសកម្ពុជាយើង។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានចំណេះដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក មានបណ្តាញដៃគូដ៏រឹងមាំ និងមានកំណត់ជោគជ័យរាល់ការបណ្តាក់ទុនប្រកបដោយវិជ្ជមាន ចំណែកក្រុមហ៊ុន Seaplane Asia ផ្ដល់ជូននូវជំនាញសេវាកម្មយន្តហោះចុះលើទឹកនៅទូទាំងតំបន់ មានចំណេះដឹងផ្នែកបច្ចេកទេស និងបែបបទប្រតិបត្តិការ និងបញ្ហាយន្ដហោះចុះលើទឹកប្រភេទ, Cessna Grand Caravans។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា យើងមានមោទនភាពដែលបានចូលរួមជាមួយក្រុមហ៊ុន Seaplane Asia និងសូមណែនាំក្រុមហ៊ុន Royal Group Samra Seaplane ដែលជាសេវាកម្មយន្តហោះចុះលើទឹកដ៏ប្រណិតដំបូងគេនៅកម្ពុជា។ ការបណ្ដាក់ទុនរួមគ្នានេះ តំណាងឱ្យការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញភាពច្នៃប្រឌិត និងការកែលម្អជម្រើសនៃការដឹកជញ្ជូន សម្រាប់ទាំងប្រជាជនក្នុងស្រុក និងអ្នកទេសចរនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងក្រុមហ៊ុន Royal Group Samra Seaplane យើងមានគោលបំណងបង្កើតបទពិសោធន៍នៃការធ្វើដំណើរដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាន ដោយផ្សារភ្ជាប់នូវទេសភាពដ៏គួរឲ្យស្ញប់ស្ញែងអស្ចារ្យរបស់ប្រទេសកម្ពុជាតាមរបៀបដែលមិនធ្លាប់មានពីមុនមក។

លោក Dennis Keller អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Seaplane Asia Limited ក៏បានសម្តែងការសាទចំពោះកិច្ចសហការនេះ ដោយមានប្រសាសន៍ថា ប្រទេសកម្ពុជាមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ប្រតិបត្តិការយន្តហោះចុះលើទឹក ដោយសារសម្រស់ធម្មជាតិដ៏វិសេសវិសាល និងសេដ្ឋកិច្ចរីកលូតលាស់ ព្រមទាំងឧស្សាហកម្ម ទេសចរណ៍។ ដើម្បីបង្កើតសេវាកម្មយន្តហោះចុះលើទឹកដ៏ប្រណិតរបស់យើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងមិនអាចជ្រើសរើសដៃគូប្រសើរណាផ្សេងក្រៅពីជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញ និងមានទស្សនៈវិស័យឆ្ពោះទៅមុខជានិច្ច។ ជាមួយគ្នា យើងនឹងបើកទំព័រថ្មីមួយនៅក្នុងវិស័យអាកាសចរណ៍ និងដឹកជញ្ជូន កម្ពុជា ហើយយើងនឹងបើកឱកាសនៃការធ្វើដំណើរ និងរបៀបរស់នៅដ៏ស៊ីវិល័យដែលមិនអាចប្រៀបផ្ទឹមបាន។

ខណៈពេលដែលវិស័យទេសចរណ៍ គឺជាចំណុចស្នូលនៃគំរូអាជីវកម្ម ក្រុមហ៊ុន Royal Group Samra Seaplane មានគោលបំណងផងដែរ គឺដើម្បីដោះស្រាយចំពោះតម្រូវការសំខាន់ៗដែលពាក់ព័ន្ធគ្នានឹងវិស័យផ្សេងៗទៀត។សេវាកម្មយន្តហោះចុះលើទឹក នឹងបង្កើនលទ្ធភាពធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាល កោះនានា និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត ដោយបើកសក្តានុពលសេដ្ឋកិច្ច និងជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងកំណើនអាជីវកម្មនៅក្នុងស្រុក។ ជាងនេះទៅទៀត សេវាកម្មយន្តហោះចុះលើទឹក អាចដើរតួនាទីរួមចំណែកក្នុងសេវាកម្មសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ការសម្របសម្រួលភាពបន្ទាន់ និងការជម្លៀសផ្នែកវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធសេវាកម្មផ្នែកសុខាភិបាល។

លើសពីនេះទៅទៀត ការទទួលបានសេវាកម្មធ្វើដំណើរតាមយន្តហោះ និងភាពបត់បែនរបស់យន្តហោះ អាចជួយគាំទ្រដល់សកម្មភាពត្រួតពិនិត្យដូចជា ការអភិរក្សបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការការពារសត្វព្រៃផងដែរ។ វាក៏អាចដើរតួនាទីជាទ្រព្យដ៏មានតម្លៃក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយផ្តល់នូវការឆ្លើយតបរហ័ស និងការគ្របដណ្ដប់ប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលមានអាសន្ន និងក្នុងស្ថានភាពគ្រោះមហន្តរាយនានា។

លោក Captain Lionel Vincent Mougel អគ្គនាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Seaplane Asia បាន សង្កត់ធ្ងន់ថា ក្រុមហ៊ុន Royal Group Samra Seaplane មិនត្រឹមតែប្រាថ្នាចង់ក្លាយជាសេវាកម្មទេសចរណ៍ដ៏ប្រណីតមួយប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានស្រមៃមើលពីដំណោះស្រាយនៃការដឹកកជញ្ជូនដ៏ទូលំទូលាយ ដែលឆ្លើយតបនឹងតម្រូវការផ្សេងៗ និងរួមចំណែកដល់ការអភិវឌ្ឍទាំងមូលនៃប្រទេសកម្ពុជាផងដែរ។ តាមរយៈការទាញយក សមត្ថភាពរបស់យន្តហោះចុះលើទឹក យើងអាចបង្កើតផលជាវិជ្ជមានក្នុងវិស័យដូចជា៖ ការថែទាំសុខភាព ការដឹកជញ្ជូន និងសេវាសង្គ្រោះបន្ទាន់ ដែលនឹងធ្វើឱ្យការរស់នៅរបស់ប្រជាជនកម្ពុជាមានភាពកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Seaplane Asia នាំមកនូវភាពរឹងមាំ និងជំនាញ រួមគ្នា ដើម្បីបង្កើតក្រុមហ៊ុន Royal Group Samra Seaplane ជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់សេវាកម្មដឹកជញ្ជូនដ៏សម្បូរបែប និងគួរឱ្យទុកចិត្តនៅកម្ពុជា។ ការបណ្តាក់ទុននេះ មានការប្តេជ្ញារក្សានូវស្តង់ដារសុវត្ថិភាពខ្ពស់បំផុត ការអនុលោម តាមបទប្បញ្ញត្តិ និងការអនុវត្តប្រកបដោយនិរន្តរភាព ដោយសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here