[:km]ដោយវុត្ថា
ភ្នំពេញ: សារព័ត៌មានដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសBBC កាលពីពេលថ្មីៗ នេះ បានចុះផ្សាយពីយុវជនខ្មែរម្នាក់គឺ លោក ជី សីលា ដែលទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ដោយចាប់ផ្តើមពីការបើកអាជីវកម្ម បើកហាងលក់ឌីសរហូតមានអាជីវកម្មនៅក្នុងដៃធំៗជាច្រើនរហូតដល់បច្ចុប្បន្ន។
លោកជី សីលា បានប្រាប់សារព័ត៌មានBBCកាលពីពេលថ្មីៗនេះថា លោកបានកើតនៅក្នុងឆ្នាំ១៩៧៤ មួយឆ្នាំមុនខ្មែរក្រហមកាន់កាប់ប្រទេស។ នៅពេលមានអាយុ១៨ ឆ្នាំ លោកចាប់អាជីពជាមគ្គុទេសទេសចរណ៍។ លោកធ្លាប់មានក្តីសុបិនចង់ក្លាយជាមេធាវី និង វិស្វករ ប៉ុន្តែនៅឆ្នាំ១៩៩៨ បំណងក្នុងជីវិតរបស់គាត់បានផ្លាស់ប្តូរ ដោយលោកបានចាប់ផ្តើមអាជីវកម្មជាមួយមិតភក្តិផ្សេងទៀត ជាលើកដំបូងហើយទទូលបានជោគជ័យ ដោយការបើកហាងលក់ឌីស ខណៈលោកកំពុងបំរើការងារជាមគ្គុទេសទេសចរណ៍។
លោកបន្តថា “ការចេញធ្វើអាជីវកម្មជាលើកដំបូងនេះ ខ្ញុំមិនមានបទពិសោធន៍ និងគ្មានលុយឡើយក្នុងការរកស៊ី តែដោយសារមានការគំាទ្រ និងទីផ្សារលក់ឌីទទួលបានការគាំទ្រច្រើនលោកក៏បានបើកសាខាជាច្រើនកន្លែងនៅក្នុងរាជភ្នំពេញ”។
ដំណើរជីវិតរបស់លោកបានផ្លាស់ប្តូរ ដូចគ្នានឹងនិន្នាការអាជីវកម្មលើទីផ្សារបច្ចុប្បន្នផងដែរ ទើបនៅពេលក្រោយមកលោកមើលឃើញទីផ្សារ និងសេដ្ឋកិច្ចនៅក្នុងតំបន់មានការរីកចម្រើនលឿន ហើយនៅក្នុងឆ្នាំ២០០១ លោកក៏បានបើកអាជីវកម្មមួយទៀត គឺហាងBB World ដែលលក់អាហារ Fast Food នៅក្នុងរាជធានីភ្នំពេញបាន៦ខែ លោកបើកមជ្ឃមណ្ឌលផ្សារទំនើបថ្មី BB World ថែមមួយទៀត។
ជាមួយនឹងការជក់ចិត្តលើជំនួញ និងពង្រីកមហិច្ឆតាកាន់តែធំ នៅក្នុងឆ្នាំ២០០៣ លោកជី សិលា បានមើលឃើញទីផ្សារកាហ្វេមានការរីកចកម្រើន លោកក៏ចាប់ផ្តើមបើកហាងកាហ្វេមួយទៀត ឈ្មោះថាT&Cដើម្បីបំរើដល់ពលរដ្ឋខ្មែរនូវគុណភាពអាហារ និងភេសជ្ជៈ ជាមួយទីតាំងប្រកបដោយផាសុកភាព។
បច្ចេកវិទ្យាកាន់តែមានឥទ្ឋិពលនៅកម្ពុជា ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០០៧សេវាInternet នៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមមានការរីកចម្រើន ជាពេលវេលាដែលធ្វើឲ្យលោកមានផែនការពង្រីកអាជីវកម្មថ្មី តាមនិន្នាការបដិវត្តន៍ឧស្សាហកម្មទី៤ ដោយលោកបានចាប់ផ្តើមអាជីវកម្មបើកគេហទំព័រSabay ដោយផ្តោតលើOnline Game បើទោះបីពេលនោះ តម្លៃអិនធើណិតនៅក្នុងប្រទេសកម្ពុជាថ្លៃយ៉ាងណាក៏ដោយ គួបផ្សំជាមួយនឹងប្រជាជនគ្មានទូរស័ព្ទស្មាតហ្វូន ឬ Laptops យ៉ាងណាក្តី។
នាពេលបច្ចុប្បន្ននេះ លោកជី សីលា ជាសហគ្រិនកម្ពុជាដែលទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ដោយបានឆ្លងកាត់ឧបសគ្គជាច្រើន តែទោះបីមានបញ្ហាប្រឈមយ៉ាងណាក្តី ក៏លោកនៅតែជោគជ័យ ហើយលោកបានចាត់ទុកវាជាសំណាងរបស់លោក ដែលបានក្លាយជាសហគ្រិនកម្ពុជា ជាពិសេសលោកបានចាត់ទុកសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ច ជាឪកាសមាសរបស់លោក (Golden Times) ក្នុងការធ្វើអាជីវកម្មនានានៅទីនេះ៕[:]