[:km]ដោយវុត្ថា
ភ្នំពេញ: ទេសរដ្ឋមន្រ្តី ដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា សហគ្រាស សិប្បកម្មធុនតូច និងមធ្យមហៅកាត់SME បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ បង្កើតការងារដល់ពលរដ្ឋ និងបានរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ដែលមានកំណើនថេរក្នុងរង្វង់អត្រា៧%។

ថ្លែងនៅក្នុងជំនួបជាមួយលោកជំទាវនិន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពលពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៩កន្លងមកថា បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមមានជាង៥០ម៉ឺនសហគ្រាស និងមានលក្ខណៈចម្រុះ និងសម្បូរបែប ដែលភាគច្រើនមានដូចជា សហគ្រាសកែច្នៃម្ហូបអាហារ សហគ្រាសគាំទ្របម្រើដល់វិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសហគ្រាសកែច្នៃ ផលិតផលប្រើប្រាស់ទូទៅ។
-->
លោកថា “វិស័យឧស្សាហកម្ម បានរួមចំណែកមួយផ្នែកធំ ដល់កំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធ សេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម”។
លោកចម ប្រសិទ្ធ បានបន្ថែមថា ក្រសួងបានលើកទឹកចិត្តដល់សហគ្រាសទំាងអស់ ក្នុងការសិក្សាស្រាវជ្រាវចាប់យកឱកាសពីការរីកចម្រើន នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលស្តែងឱ្យឃើញពីការរីកចម្រើនបច្ចេកវិទ្យានៅកម្ពុជា ស្របទៅនឹងបរិបទពិភពលោក។
លោកបន្តថា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ ក្រសួងបានផ្តោតជាសំខាន់ខាងអនាម័យ ស្តង់ដារផលិតផល និងមាត្រាសាស្ត្រ ដូចជាវិស័យទឹកស្អាត ការថែរក្សាផ្ទៃដីស្រែផលិតអំបិល និងបញ្ចូលជាតិអ៊ីយ៉ូតក្នុងអំបិល ពង្រឹងប្រសិទ្ធិភាព ការចុះធ្វើអធិការកិច្ចតាមបណ្តារោងចក្រសហគ្រាស និងជំរុញអនុវត្តឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។
លោកស្រី និន សាផុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។

លោកស្រីបានបញ្ជាក់ថា “ការខិតខំទាំងអស់នោះ បាននាំមកនូវសមិទ្ធផលនានាគួរជាទីមោទនៈ និងបានធ្វើឱ្យវិស័យឧស្សាហកម្មកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាល មួយដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ ដល់ការរក្សាកំណើនសេដ្ឋកិច្ចជាតិ”៕[:]