ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ក្នុងគោលបំណងទាក់ទាញវិនិយោគបរទេស និងបង្កើនឪកាសការងារថ្មីៗនៅក្នុងប្រទេស

0

ព្រឹទ្ធសភាកម្ពុជាបានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិប តី ភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និង សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។

សេចក្តីព្រាងក្រមនេះ តាក់តែងឡើងមានគោលបំណង ដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែង-និយម សង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។
សេចក្តីព្រាងក្រមនេះមាន គុណប្រយោជន៍ ៖
– ជួយពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ អភិរក្ស និងការស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព
– កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធាន-ធម្មជាតិដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ
– ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការចូលរួមកាន់តែប្រសើរជាងមុននៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមទាំងអស់
– បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់
– ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះ-បណ្តាលទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ
– ដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំសម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេសមន្រ្តីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្រ្កាបបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ព្រម-ទាំងមន្រ្តីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២គន្ថី និង ៨៦៥មាត្រា ត្រូវបានរដ្ឋសភា នៃ
ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០៥រូប បានឡើងមានយោបល់រួចមក ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

រីឯ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
– ពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងការផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
– បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ
– កាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម និងបង្កើតបរិយាកាសពាណិជ្ជ-កម្មដែលអាចព្យាករណ៍បាន
– ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូតូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម
– កាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាព តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍៖
– ពង្រីកបន្ថែម និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មពាណិជ្ជកម្មសេវាកម្មអាស៊ានទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្មរបស់ប្រទេសសមាជិក
– ទទួលបានលទ្ធភាព និងកាលានុវត្តភាពកាន់តែខ្លាំង ក្នុងការទាក់ទាញវិនិយោគបរទេសមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើន ដែលជាកត្តាវិជ្ជមានក្នុងការបង្កើនឱកាសការងារថ្មីៗនៅក្នុងប្រទេស បង្កើនចំណូល ហើយក៏ជាកត្តារួមចំណែកមួយដ៏សំខាន់ ក្នុងការបង្កើនកំណើនផលិតផលជាតិសរុបផងដែរ
– បង្កើនថវិកាជាតិលើចំណូលសារពើពន្ធ តាមរយៈការប្រមូលពន្ធអាករលើវិស័យសេវា-កម្មកាន់តែច្រើនជាងមុន
– ទទួលបាននូវការចែករំលែកបទពិសោធន៍ និងទទួលបាននូវលទ្ធផលវិជ្ជមានពីការផ្ទេរចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងបំណិនអាជីវកម្ម ក្នុងការពង្រឹងសក្តានុពលកម្លាំងពលកម្ម និងសហគ្រិនភាពក្នុងស្រុក
– ទទួលបាននូវជម្រើសជាច្រើនក្នុងការប្រើប្រាស់សេវាកម្ម ប្រកបដោយតម្លៃសមរម្យនិងភាពប្រកួតប្រជែងខ្ពស់។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា អនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០២រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here