ដោយៈសុខុម
វិភាគ: ប្រទេសណ្ឌា បានងើបពីសុបិនដ៏ហយូរលង់របស់ខ្លួនយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដោយវ៉ាដាច់ប្រទេសចិន ក្នុងនាមជាប្រទេសដែល ចំនួនប្រជាជនច្រើនបំផុតលើពិភពលោក និងកំពុងមានប្រៀបលើផ្នែកមួយចំនួនទៀតផងដែរ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគគណៈរដ្ឋមន្ត្រីឥណ្ឌា លោក Piyush Goyal បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសឥណ្ឌា នឹងក្លាយជាមហាយក្សសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកនៅត្រឹមឆ្នាំ២០២៧។ នេះបើយោងតាមគេហទំព័រព័ត៌មាន Livemint ចុះផ្សាយកាលពីខែមេសា ឆ្នាំ២០២៣។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងអំឡុងពេលថ្លែងទៅកាន់សហគមន៍ជនភៀសខ្លួនឥណ្ឌា នៅប្រទេសបារាំង ក្នុងដំណើរទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចឥណ្ឌា -បារាំង ក្នុងខួប២៥ឆ្នាំនៃមិត្តភាពឥណ្ឌា-បារាំង។
-->
លោកបានបន្ថែមទៀតថា “ពេលនេះ ប្រទេសឥណ្ឌា គឺជាសេដ្ឋកិច្ចធំបំផុតទី៥។ ហើយនៅឆ្នាំ២០២៧-២០២៨ ឥណ្ឌា នឹងក្លាយជាសេដ្ឋកិច្ចធំបំផុតទី៣ ក្នុងពិភពលោក”។ លោកបន្តថា “ឥណ្ឌា គឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ច រហូតដល់ទៅ៣,៥ទ្រីលានដុល្លារ នាពេលបច្ចុប្បន្ន ហើយនឹងក្លាយជាសេដ្ឋកិច្ច ដែលមានទំហំចន្លោះពី៣០ ទៅ៣៥ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៤៧ ជាពេលដែលយើងប្រារព្ធខួបឯករាជ្យ១០០ឆ្នាំរបស់ឥណ្ឌា”។
ទន្ទឹមនេះ ប្រធានទីប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិបាលឥណ្ឌា លោកAnantha Nageswaran បានគូសបញ្ជាក់ថា សេដ្ឋកិច្ចឥណ្ឌា ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនជាង៧% ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន២០២៣-២០២៤។ នេះបើយោងតាមសារព័ត៌មាន The Economic Times ចុះផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
ការព្យាករណ៍នេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការវិនិយោគដ៏រឹងមាំ និងការបោះជំហានយ៉ាងលឿន នៅក្នុងការធ្វើឌីជីថលនីយកម្ម។
ជាមួយគ្នានេះ នាយកធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំប្រទេសឥណ្ឌា លោក Takeo Konishi បានលើកឡើងថា “ទោះបីជាសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះយ៉ាងណាក្ដី ក៏អត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា នៅតែខ្លាំងជាងគេ ក្នុងចំណោមសេដ្ឋកិច្ចជាច្រើន ហើយនេះឆ្លុះបញ្ចាំង ពីតម្រូវការប្រើប្រាស់ក្នុងស្រុកដ៏រឹងមាំ និងការពឹងផ្អែកតិចជាងមុនលើតម្រូវការពិភពលោក”។
នេះបើយោងតាមគេហទំព័ររបស់ធនាគារ ADB ចុះផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
លោកបានបន្ថែមទៀតថា “ការជំរុញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់រដ្ឋាភិបាលឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមGati Shakti (ផែនការមេថ្នាក់ជាតិសម្រាប់ការតភ្ជាប់ពហុផ្នែក) របស់នាយករដ្ឋមន្ត្រីឥណ្ឌា ការអភិវឌ្ឍភ័ស្តុភារកម្ម និងការអភិវឌ្ឍច្រករបៀងឧស្សាហកម្មនឹងរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបង្កើនការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការជំរុញកំណើននាពេលអនាគត”។
*តើសេដ្ឋកិច្ចឥណ្ឌា ពឹងផ្អែកលើវិស័យអ្វីខ្លាំងជាងគេ?
វិស័យសេវាកម្មគ្របដណ្ដប់រហូតដល់ទៅជាង៥០% នៃផលទុនជាតិសរុប (GDP) ហើយនៅតែជាវិស័យ ដែលលូតលាស់លឿនបំផុត ខណៈវិស័យឧស្សាហកម្ម និងវិស័យកសិកម្មផ្ដល់ការងារភាគច្រើនបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Wikipedia។
*តើប្រទេសណាខ្លះគ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង៥ របស់ពិភពលោកគិតមកទល់នឹងឆ្នាំ២០២៣?
យោងតាមគេហទំព័រ Wisevoter បានបង្ហាញសេដ្ឋកិច្ចធំបំផុតទាំង៥ របស់ពិភពលោកដូចខាងក្រោម៖
សេដ្ឋកិច្ចធំបំផុតទី១ ៖ សហរដ្ឋអាមេរិក ជាមួយGDP ទំហំ២៣,៣ទ្រីលានដុល្លារ។
សេដ្ឋកិច្ចធំបំផុតទី២ ៖ មហាយក្សចិន ជាមួយ GDPទំហំ១៧,៧ទ្រីលានដុល្លារ។
សេដ្ឋកិច្ចធំបំផុតទី៣ ៖ ប្រទេសជប៉ុនជាមួយGDP ទំហំ៤,៩ទ្រីលានដុល្លារ ។
សេដ្ឋកិច្ចធំបំផុតទី៤ ៖ ប្រទេសអាល្លឺម៉ង់ ជាមួយGDPទំហំ៤,៣ទ្រីលានដុល្លារ។
សេដ្ឋកិច្ចធំបំផុតទី៥ ៖ ប្រទេសឥណ្ឌា ជាមួយGDPទំហំ៣,២ទ្រីលានដុល្លារ៕