[:km]ដោយគង់ សូរិយា
បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធបាននិងកំពុងធ្វើពិពិធកម្ម(ធ្វើឲ្យកាន់តែសម្បូរបែប) ដោយគ្រោងបង្កើតឲ្យមានសហគមន៍ទេសចរណ៍បន្ថែមទៀត នៅ តាមបណ្ដាស្រុកមានសក្ដានុពលលើវិស័យទេសចរណ៍ ដើម្បីក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន ដើម្បីជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋតាមមូលដ្ឋាន។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកតុប សុភ័ក្របានមានប្រសាសន៍ឲ្យដឹង ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងសហគមន៍ទេសចណ៍អាស៊ាន កាលពីថ្ងៃទី២៩ មករាកន្លងមកថា ការបង្កើតឲ្យមានសហគមន៍ទេសចរណ៍ថ្មី មន្ទីរជំនាញ នឹងបណ្ដុះបណ្ដាលពលរដ្ឋនៅតាមសហគមន៍ទាំងនោះ ឲ្យចេះពីរបៀបទាក់ទាញភ្ញៀវ រៀបចំទីតាំងឲ្យមានសោភ័ណភាព តាមលក្ខណៈស្ដង់ដាយូរអង្វែង ជាប្រយោជន៍ដល់ពួកគេ។
លោកបន្តថា “ការរៀបចំបែបនេះជាការផ្តល់ប្រាក់ចំណូលប្រចាំថ្ងៃ ហើយយើងអញ្ជើញអ្នកមានបទពិសោធន៍ទទួលជោគជ័យ តាមសហគមន៍ទេសចរណ៍ក្នុងខេត្តផ្សេងៗ ធ្វើបទបង្ហាញពីរបៀបរៀបចំឲ្យមានការចាប់អារម្មណ៍ពីភ្ញៀវ”។
ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោកអ៊ុច អ៊ុភីនីស្សារ៉ា បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នបាត់ដំបង មានសហគមន៍ទេសចរណ៍បីកន្លែង ទី១- សហគមន៍ទេសចរណ៍ព្រែកទល់ ស្ថិតក្នុងស្រុកឯកភ្នំ ជាទីអភិរក្សសត្វស្លាបដ៏ធំប្រចាំប្រទេស រួមទាំងភូមិបណ្ដែតទឹករបស់ពលរដ្ឋ នៅជាប់នឹងបឹងទន្លេសាប ទី២សហគមន៍ទេសចរណ៍វត្តគរ ស្ថិតក្នុងក្រុងបាត់ដំបង មានផ្ទះបុរាណជាច្រើនខ្នង និងទី៣សហគមន៍ ទេសចរណ៍អូរជាំ ទើបនឹងបង្កើតថ្មី ស្ថិតក្នុងស្រុកសំឡូត មានទឹកដ៏ស្រស់ស្អាត។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានអំពាវនាវឱ្យអាជ្ញាធរ នៅតាមតំបន់ទេស ចរណ៍នានា ខិតខំជួយសម្រួល និងរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ ឲ្យបានល្អប្រសើរ ដើម្បីឲ្យភ្ញៀវមានភាពកក់ក្ដៅ និងជាការទាក់ទាញចិត្តភ្ញៀវ។ ចំពោះអ្នកលក់ចំណីអាហារនៅតាមទីកន្លែងទេសចរណ៍ និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សូមកុំដំឡើងថ្លៃនៅពេលមានបុណ្យទានធំៗម្ដងៗផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា កាលពីឆ្នាំ២០១៨កន្លងមកនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួនជាង៦៦,៨០0០នាក់ កើនឡើងចំនួនជាង៨ភាគរយ ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួនជាង១០ម៉ឺននាក់៕[:]