សុខុម
បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) គ្មានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន នោះឡើយ ហើយនៅតែមានជំនឿចិត្តថានឹងទទួលបានភ្ញៀវទេសចំនួន៥លាននាក់ពីសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះក្នុងឆ្នាំនេះ។
លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លើកឡើងថា លោកជឿថា ភ្ញៀវទេសចរចិន ភាគច្រើននៅតែមានបំណងចង់ធ្វើដំណើរកម្សាន្ត បន្ទាប់ពីសន្សំលុយអំឡុងវិបត្តិកូវីដ-១៩ ត្រៀមទុកសម្រាប់ដើរលេងនៅបរទេសក្រោយវិបត្តិកូវីដ-១៩ ចប់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា។
-->
លោកបានបន្ថែមថា អាជ្ញាធរនេះមានបំណងទាក់ទាញភ្ញៀវទេសចិន ឱ្យបានចំនួន៥លាននាក់ឱ្យធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃ ដែលស្មើ៥០%បើធៀបនឹងចំនួនភ្ញៀវទេសចរចិន ប្រមាណ១០លាននាក់ដែលប្រទេសថៃ ទទួលបានក្នុងឆ្នាំ២០១៩។
ការរំពឹងទុកនេះគឺអាចទៅរួច ព្រោះប្រទេសចិន ជាមហាយក្សដែលមានប្រជាជនច្រើនរហូតដល់ទៅជាង១,៤ពាន់លាននាក់។
ពីខែមករា ដល់ខែឧសភា ភ្ញៀវទេសចរចិន ដែលថៃ ទទួលបានមានចំនួនសរុបជា១,១លាននាក់ ខណៈទេសចរម៉ាឡេស៊ី មានចំនួន១,៦លាននាក់។
លោក Yuthasak Supasorn ថ្លែងថា អាជ្ញាធរទេសចរណ៍ថៃ (TAT) បានពិភាក្សាជាមួយនាយកដ្ឋានកិច្ចការកុងស៊ុលក្នុងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយដំណើរការដាក់ពាក្យស្នើសុំទិដ្ឋាការ និងជួយពិនិត្យមើលឡើងវិញនូវឯកសារដាក់ពាក្យស្នើសុំទិដ្ឋាការរបស់ភ្ញៀវទេសចរចិន មុនពេលបញ្ជូនទៅអនុម័ត៕ Bangkok Post៕