[:km]ដោយគង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងវិនិយោគ ទឹកប្រាក់២០០០លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឆ្នេរកំសាន្តលើផ្ទៃដីប្រមាណ២០០ហិកតាក្នុងខេត្តកំពត។
អ្នកគ្រប់គ្រងគម្រោងរៀបចំអភិវឌ្ឍន៍តំបន់ឆ្នេរកំសាន្តនេះ លោក គង់ សំណាងបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៣០ មករានេះថា តំបន់ឆ្នេរកម្សាន្តនេះ នឹងរៀបចំនៅឡើងលើផ្ទៃដីប្រមាណ២០០ហិកតា ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ លោកបន្តថា ជាគោលការណ៍ឆ្នេរមួយនេះ នឹងត្រូវធ្វើឲ្យចប់មុនថ្ងៃបុណ្យសមុទ្រមកដល់ បើទោះមិនទាន់រួចរាល់មួយរយភាគរយ ក៏ត្រូវតែធ្វើឲ្យមានឆ្នេរសម្រាប់ទេសចរកម្សាន្ត។
លោកបន្តថា “តាមគម្រោងតំបន់ឆ្នេរនេះ នឹងមានការសាងសង់អគារខ្ពស់ៗ ស ណ្ឋាគារផ្តាយប្រាំ កំពង់ផែ ផ្សារលក់ផលិតផលសមុទ្ររបស់អ្នកភូមិ ។ល។”។
ទោះជាយ៉ាងណាលោកគង់ សំណាងមិនបញ្ជាក់ឲ្យដឹងពីក្រុមហ៊ុនវិនិយោគគំរោងនេះ និងគំរោងទាំងមូលបញ្ចប់នៅពេលណានោះទេ។
ខេត្តកំពត នឹងធ្វើជាម្ចាស់ផ្ទះវិលជុំនៃបុណ្យសមុទ្រ នៅឆ្នាំនេះ ដែលក្នុងកំឡុងពិធីបុណ្យនេះ ស្រប ពេលដែលមានឆ្នេរកម្សាន្តថ្មីមួយទៀតផងនោះ រដ្ឋបាលខេត្ត រំពឹងថានឹងអាចទាក់ទាញទេសចរបានកាន់ តែច្រើនជាងបណ្ដាឆ្នាំមុនៗជាក់ជាមិនខាន។
កំពតជាខេត្តទេសចរណ៍ជាប់មាត់សមុទ្រ ក្នុងភាគនិរិតីនៃប្រទេសកម្ពុជាដ៏មានប្រជាប្រិយភាព ដោយសារតែអំណោយផលពីធម្មជាតិ។ ខេត្តនេះ មានតំបន់ទេសចរណ៍ ចំនួន១៧កន្លែងសំខាន់ៗ ដែលស្រូបយកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិតពីរលាននាក់ ក្នុងមួយឆ្នាំ២០១៨។ ប៉ុន្តែខេត្តជាប់សមុទ្រមួយនេះ នៅមិនទាន់មានឆ្នេខ្សាច់សម្រាប់ងូតទឹកកម្សាន្តនៅឡើយទេ ទើបតែដើមឆ្នាំ២០១៩នេះរដ្ឋបាលខេត្ត ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានចាប់ផ្តើមរៀបចំអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ កម្សាន្តដ៏ស្រស់ស្អាតមួយ ដែលមានទាំងផ្សារទំនើប និងសណ្ឋាគារផ្កាយប្រាំផង។
អភិបាលខេត្តកំពតលោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកនាព្រឹកថ្ងៃដដែលនេះថា គំរោងនេះបានទទួលការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ ប៉ុន្តែគំរោងនេះបានផ្អាកម្តងរួចមកហើយ តែពេលនេះបានចាប់ផ្តើមឡើងវិញដោយសារការជំរុញពីអាជ្ញាធរខេត្ត។
លោកបន្តថា បើទុកគំរោងនេះចោល វានឹងធ្វើឲ្យខូចផែនការអភិវឌ្ឍន៍របស់ខេត្ត ហេតុនេះទើបលោកជំរុញឲ្យអ្នកអភិវឌ្ឍន៍គំរោងនេះចាប់ផ្តើមដំណើរការឡើងវិញ។
លោកបន្តថា “ដីក្នុងគំរោងនេះ៤០ភាគរយបានមកខេត្ត និង៦០ភាគរយជាដីរបស់ក្រុមហ៊ុន ដែលអភិវឌ្ឍន៍លើឆ្នេរទំហំ២០០ហិកតា”។
លោកអភិបាលខេត្តមិនបញ្ជាក់ឲ្យដឹងពីក្រុមហ៊ុនអភិវឌ្ឍន៍គំរោងនេះទេ គ្រាន់តែបញ្ជាក់ថាគំរោងនេះជាកម្មសិទ្ឋរបស់លោក ជា សុខហេង៕[:]