[:km]ដោយស៊ីវ ម៉េង
ភ្នំពេញ៖ បញ្ហាកង្វះបន្ទប់សណ្ឋាគារនឹងលែងចោទជាបញ្ហាបណ្តើរៗហើយ នៅក្រុងព្រះសីហនុខណៈសណ្ឋាគារប្រណីតកំពស់៣៦ជាន់ មានបន្ទប់ចំនួន៦០៦បន្ទប់ បានបើកដំណើរការអាជីវកម្មរបស់ខ្លួនហើយ នៅក្នុងភូមិ១សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ។
ប្រធានសភាពាណិជ្ជកម្ម ខេត្ដព្រះសីហនុលោកឧកញ៉ាឡាវ កាងបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីក្រុងពាលីសម្ពោធបើកដំណើរការអាជីវកម្មNanhai Pearl Hotel Apartment នាព្រឹកថ្ងៃទី៣០ មករានេះថា កត្ដាសន្ដិភាព ស្ថេរភាពនយោបាយ និងច្បាប់វិនិយោគបើកទូលាយរបស់កម្ពុជា បានធ្វើឲ្យអ្នកវិនិយោគមានជំនឿមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ទុនវិនិយោគ ជាពិសេសខេត្ដព្រះសីហនុ។ អាគារខ្ពស់ៗជាង៣០ជាន់ នឹងលេចធ្លោដំណើរការអាជីវកម្មរបស់ខ្លួនជាបន្ដបន្ទាប់ចាប់ពីពេលនេះតទៅ តាមរយៈគំរោងនេះអ្នកវិនិយោគបានផ្តល់ការងារឲ្យប្រជាពលរដ្ឋក្នុងខេត្ដ និងខេត្ដជិតខាងប្រមាណ៣.០០០នាក់ និងផ្តល់នូវពន្ធអាករផ្សេងៗដល់សេដ្ឋច្ចជាតិ។
លោកបន្តថា “អ្នកវិនិយោគជាតិ និងអន្ដរជាតិ និងគម្រោងសំណង់អាគារស្នាក់នៅ អាគារពាណិជ្ជកម្មតូច ធំ បានលេចធ្លោជាបន្ដបន្ទាប់ ធ្វើឲ្យខេត្ដព្រះសីហនុរីកមុខមាត់ និងសេដ្ឋកិច្ចខេត្ដល្អប្រសើរ ហើយរយៈពេលប្រមាណពីរទៅបីឆ្នាំទៀត កន្លែងស្នាក់នៅខេត្ដព្រះសីហនុ នឹងលែងចោទជាបញ្ហាទៀតហើយ”។
លោកឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group បានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគនៅកម្ពុជា ដោយសារលោកមានការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានច្បាប់ជាគោល ជាពិសេសសន្ដិភាព ដែលធ្វើឲ្យមានការអភិវឌ្ឍជាបន្ដបន្ទាប់។ ក្រោមដំបូលសន្ដិភាព និងច្បាប់របស់ប្រទេសកម្ពុជា លោកនឹងបន្ដពង្រីកការវិនិយោគពាណិជ្ជកម្ម របស់លោកឲ្យកាន់តែធំទូលាយ និងបន្ដព្យាយាមទាក់ទងអ្នកវិនិយោគ ពីក្រៅប្រទេសឲ្យចូលមកដាក់ទុនរកស៊ីនៅខេត្ដព្រះសីហនុឲ្យបានច្រើនថែមទៀត។
រយៈកាល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗ ហើយសព្វថ្ងៃនេះបាននឹងកំពុងធ្វើឲ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនទៅមុខ។ ខេត្ដព្រះសីហនុ ពិតជាកន្លែងស័ក្តិសមក្នុងការដាក់ទុនវិនិយោគ។
ម្យ៉ាងវិញទៀអ្វីដែលសំខាន់បំផុតនោះ គឺប្រទេសកម្ពុជាមានសុខសន្ដិភាពពេញលេញ ក្នុងនោះខេត្ដព្រះសីហនុ ក៍ធានាបាននូវសន្ដិសុខ សុវត្ថិភាពខ្ពស់ដែរ ជាមួយនិងធនធានធម្មជាតិសម្បូរបែប ផ្ទៃដីនៅទំនេរធំទូលាយរួមទាំងកោះល្អៗ៣២ ជាពិសេសនោះ គឹប្រព័ន្ធគមនាគមន៍សម្បូរបែប ផ្លូវដែក ទឹក គោគ ផ្លូវអាកាសជាដើម ។ល។៕[:]