[:km]ដោយស៊ីវ ម៉េង
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់សភាពពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះគោលនយោបាយកាត់បន្ថយស្ថាប័ន្ធពាក់ព័ន្ធ និងការអនុវត្តន៍នីតិវិធីផ្សេងៗ របស់រាជរដ្ឋាភិបាល ដែលជាផ្នែកមួយជួយពន្លឿនដល់វិស័យឯកជន និងការផ្តល់លក្ខណៈកាន់តែងាយស្រួល ជាពិសេសជាចំណុចទាក់ទាញដល់អ្នកវិនិយោគទុនបន្ថែម។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំក្រុមការងារ ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច នៃវេទិការរាជរដ្ឋាភិបាល និងផ្នែកឯកជននៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នេះថា ជាការពិតណាស់ ការកាត់បន្ថយស្ថាប័នពាក់ព័ន្ធ និងការអនុវត្តន៍នីតិវិធីផ្សេងៗមួយចំនួនទៀត ពិតជាធ្វើឲ្យចំណូលរដ្ឋមានការបាត់បង់ ប៉ុន្តែវាបានចូលរួមមួយចំណែកយ៉ាងធំនៅក្នុងវិស័យឯកជន និងជាផ្នែកមួយជួយពន្លឿនដល់វិស័យឯកជន ការផ្តល់លក្ខណៈកាន់តែងាយស្រួល ជាពិសេសជាការទាក់ទាញដល់អ្នកវិនិយោគទុនក្រៅ និងក្នុងប្រទេសបន្ថែម។
-->
លោកបន្តថា “កិច្ចប្រជុំថ្ងៃនេះទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះអ្វីដែលជាការរីករាយ គឺរាជរដ្ឋាភិបាលបានដាក់ចេញនូគោលនយោបាយជាច្រើនចំណុច ដែលចាត់ទុកជាផ្នែកមួយជួយដល់វិស័យឯកជន ក្នុងការរកស៊ីទទួលទាន មិនថាអ្នកវិនិយោគបរទេស ឬក្នុងស្រុកឡើយ ចំពោះបញ្ហានេះលោកចាត់ទុកថា ជាដំណឹងដែលល្អបំផុតសម្រាប់វិស័យឯកជន”។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះសម្តេចតេជោ នាយករដ្ឋមន្រ្តី បានដាក់ចេញផែនការនាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ដោយបានកែទម្រង់ចំនួនពីរផ្នែកធំៗ មានការកែទម្រង់ខាងក្នុង និងការកសាងមិត្តខាងក្រៅ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលជាវិធានការសំដៅលើកស្ទួយ ការជួយសម្រួលដល់វិស័យដែលកំពុងអនុវត្តន៍ជាក់ស្តែងមួយចំនួនផងដែរ។
លោកបន្តថា វិធានការចង្អុលបង្ហាញរបស់សម្តេចតេជោ រួមមាន ការកាត់បន្ថយថ្លៃអគ្គិសនី ការលុបចោលការចេញC.O សម្រាប់ប្រទេស ការបញ្ចប់តួនាទីអគ្គនាយកដ្ឋានកាំកុងត្រូល ការលុបចោលអង្គភាពកាំសាប ការដោះស្រាយកង្វល់វិស័យឯកជន និងការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅអគ្គនាយកដ្ឋានពន្ធដារនូវប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រង់អាករលើតម្លៃបន្ថែម។ ចំពោះនីតិវិធីខាងលើទាំងអស់នេះ រាជរដ្ឋាភិបាលបានកំពុងអនុវត្តន៍ និងរៀបចំដោយបន្ថែមលើកិច្ចការកែទម្រង់ ដែលបានដាក់ចេញរួច នឹងមានការកែទម្រងបន្តបន្ទាប់ទៀតផងដែរ៕[:]