[:km]ដោយគង់ សូរិយា
ភ្នំពេញ : ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកអូន ព័ន្ឋមុនីរ័ត្ន បានស្នើឲ្យមន្រ្តីពន្ធដារទាំងអស់ ត្រូវបំពេញការងារកៀរគរ ប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ និងធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ និងការធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ ក្នុងឆ្នាំ២០១៨ និងសមិទ្ធផលរយៈពេល៥ឆ្នាំ របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ។ លោកបន្តថា មន្រ្តីជំនាញរបស់អង្គភាពពន្ធដារទាំងអស់ ត្រូវបំពេញនូវបេសកកម្មប្រមូលចំណូលពន្ធ និងខិតខំពង្រឹងនូវអភិបាលកិច្ចល្អ ដោយផ្ដោតជាសំខាន់លើ៖ រដ្ឋបាលកិច្ចល្អ ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ ជាពិសេសត្រូវគោរពតាមអភិក្រមការងារទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមាន ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល, និងវះកាត់។
-->
ជាមួយគ្នានេះមន្រ្តីពន្ឋដា ត្រូវគោរពអនុវត្តស្របតាមអភិក្រមការងារទាំង៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជី ការអនុវត្តការងារជាក្រុម ការអនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងការមិនត្រូវមើលរំលងកំហុសខ្លួនឯង។
លោកបានផ្តាំផ្ញើបន្ថែមដល់ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ ត្រូវប្រកាន់ខ្ជាប់នូវបាវចនាជាគោលការណ៍៤ផ្សេងទៀត គឺការកៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ ការធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ ការរៀបចំប្រព័ន្ធការងារ ឱ្យលំបាកសម្រាប់ការគេចវេះពន្ធ និងការធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព និងត្រូវបន្តនូវយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ដែលមានគោលបំណងជាយុទ្ធសាស្រ្ត៣ គឺការបង្កើនអនុលោមភាពតាមច្បាប់ដោយស្ម័គ្រចិត្ត និងកាត់បន្ថយជាអតិបរមានូវបន្ទុកអ្នកជាប់ពន្ធ ដោយផ្តល់សេវាប្រកបដោយគុណភាព ការធានាថា អ្នកជាប់ពន្ធបានបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ប្រកប ដោយភាពម៉ឺងម៉ាត់ ស្មើភាព និងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់៕[:]