កម្ពុជា-ចិន បើកសម្ពោធ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​ជា​លើកដំបូង

0

[:km]ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា និង​ចិន​បាន​បើកសម្ពោធ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​ជា​លើកដំបូង ដែល​បាន​ប្រព្រឹត្តទៅ​សាលសន្និសីទ​ចតុមុខ កាលពី​រាត្រី​ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ ក្រោម​អធិបតីភាព លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាង​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំងពីរ។

តាមរយៈ​ការរៀបចំ​បើកសម្ពោធ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌ កម្ពុជា-ចិន លើកដំបូង​នេះ នឹង​ជួយ​ជម្រុញ​ដ់​ការ​ស្រូប​ទាញ​កំណើន​ទេសចរ និង​វិនិយោគិន​ចិន​មក​កម្ពុជា​កាន់តែច្រើន​ថែមទៀត ពិសេស​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​មូលដ្ឋាន​ទំនាក់ទំនង និង​កិច្ចសហការ​ផ្នែក​ទេសចរណ៍ និង​វប្បធម៌ កាន់តែ​រឹងមាំ ជិតស្និទ្ធ និង​ផ្សារភ្ជាប់​បេះដូង ដួងចិត្ត​និង​មនោសញ្ចេតនា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ សំដៅ​ចូលរួមចំណែក​ដល់​ការបង្កើត​សហគមន៍​រួម​ដែលមាន​វាសនា​តែមួយ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​ក្នុង​ពិធី​ខាងលើ​ថា ឆ្នាំ​វប្បធម៌-ទេសចរណ៍​កម្ពុជា-ចិន​នា​ឆ្នាំ២០១៩នេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌-ទេសចរណ៍​កម្ពុជា-ចិន កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ ថែមទៀត​នាពេល​អនាគត ចាប់ពីពេលនេះ។

លោក​បន្ថែមទៀតថា «តាងនាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ទិវា ឆ្នាំ​វប្បធម៌-ទេសចរណ៍​កម្ពុជា-ចិន ដែលជា​កម្មវិធី​ដ៏​អធិកអធម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​វិស័យ​វប្បធម៌ និង​ទេសចរណ៍។

លោក​ហោ ណាំហុង​បាន​បន្តថា នៅ​ឆ្នាំ២០១៨កន្លងទៅ កម្ពុជា​និង​ចិន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី៦០នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​សកម្ម​ភាពវ​ប្ប​ធម៌ និង​សកម្មភាពផ្សេងៗទៀត​ជាច្រើន ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នេះ»។

ប្រទេស​ចិន និង​កម្ពុ​ជាមាន​ប្រវត្តិ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មកហើយ។ តាមរយៈ​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត បានបង្ហាញ​ពី​ទិដ្ឋភាព​ដ៏​រស់​រវើក​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន​ចិន និង​កម្ពុជា​តាំងពី ១ពាន់​ឆ្នាំមុន។ ប្រទេស​ទាំងពីរ ជា​ប្រទេសជិតខាង​ល្អ មិត្ត​ល្អ ដៃគូ​ល្អ និង​បងប្អូន​ល្អ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា គឺ​មិនអាច​កាត់ផ្តាច់ បាន​ពី​ការជួយឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង ពី​រដ្ឋាភិបាល និង​ប្រជាជន​ចិន។អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា មិនអាច​កាត់ផ្តាច់​ចេញ​ពី​ការ​ស្រូប​ទាញ​កំណើន​នៃ​លំហូរ​ទេសចរ និង​វិនិយោគិន​ចិន​បានទេ។

កម្ពុជា​ពិតជា​មាន​សុទិដ្ឋិនិយម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់ និង​វិថី​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​នឹង​ធ្វើអោយ​ប្រទេស​តាម​បណ្តោយ​ផ្លូវ​សូត្រ រួមទាំង អាស៊ាន និង​កម្ពុជា ទទួលបាន​នូវ​វិបុលភាព និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ៕

[:]

LEAVE A REPLY

Please enter your comment!
Please enter your name here