ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋាន បរកែវ (Bokeo) ដែលត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់ការសាងសង់នៅខែឧសភា ឥឡូវនេះ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៣នេះ។
តម្លៃនៃការសាងសង់ ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ប្រហែល១៧៥លានដុល្លារអាមេរិក ដោយអាកាសយានដ្ឋាននេះ លាតសន្ធឹងនៅលើផ្ទៃដីទំហំ៣០០ហិកតា។
-->
ការសាងសង់អាកាសយានដ្ឋាន បានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០២២ និងត្រូវបានសាងសង់ឡើង ស្របតាមស្តង់ដារសុវត្ថិភាពរបស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងប្រទេសឡាវ និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។នេះបើយោងតាមសារព៌តមាន Lao Post ។
លោក Zhao Wei ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស បានពិភាក្សាអំពីវឌ្ឍនភាព នៃអាកាសយានដ្ឋានបរកែវ ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ ជាមួយសារព័ត៌មាននាពេលថ្មីៗនេះ។
លោកបានថ្លែងថា “ការសាងសង់ព្រលានយន្តហោះនេះ ឈានជិតដល់ដំណាក់កាលចុងក្រោយហើយ មុននឹងបញ្ចប់ការសាងសង់”។ លោកបន្តថា “ចំណែក អ្វីដែលនៅសេសសល់ គឺការតុបតែងផ្នែកខាងក្នុង និងខាងក្រៅសម្រាប់អគារដឹកអ្នកដំណើរ ការដំឡើងឧបករណ៍ប្រព័ន្ធទំនាក់ទំនងអាកាសចរណ៍ រួមទាំងប្រព័ន្ធសុវត្ថិភាព និងបរិក្ខារផ្សេងៗទៀតនៅក្នុងអគារ”។
អាកាសយានដ្ឋាននេះ ស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រ ពីតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តបរកែវ និងចម្ងាយ៦០គីឡូម៉ែត្រពីតំបន់ Houayxay របស់ខេត្តបកែវ។
បើយោងតាមលោក ភួន ខាំផា ប្រធានព្រលានយន្តហោះខេត្តបកែវ បានឱ្យដឹងថា នៅពេលចាប់ផ្តើមដំណើរការ ព្រលានយន្តហោះនេះ នឹងអាចគ្រប់គ្រងចរាចរណ៍អ្នកដំណើរបាន រហូតដល់ទៅ២លាននាក់ក្នុងមួយឆ្នាំៗ៕