[:km]ដោយគង់ សូរិយា
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជារាប់ចាប់តាំងពីប្រជាកសិករ រហូតដល់អ្នកជំនួញតូច ធំបានខ្ចីប្រាក់ ឬទទួលឥណទានពីស្ថាប័នហិរញ្ញវត្ថុនានាកាលពីឆ្នាំមុន មានទំហំទឹកប្រាក់រហូតដល់២៤,៥ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលPropertyarea.asiaទទួលបានកាលពីព្រឹកថ្ងៃទី៣១ មករាកន្លងមកបានឲ្យដឹងថា ទំហំកម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាដែលរួមបញ្ចូលទាំងកម្ចី ពីធនាគារ និងមីក្រូហិរញ្ញវត្ថុមានចំនួនសរុបរហូតដល់២៤,៥ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ២០១៨ កើនឡើង១៩ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ ចំណែកទំហំប្រាក់បញ្ញើវិញមានទឹកប្រាក់សរុប២២,១ ពាន់លានដុល្លារ គឺកើនឡើង ១៥,៣ ភាគរយ។
របាយការណ៍ដដែលបានឲ្យដឹងថា បើគិតត្រឹមដំណាច់ឆ្នាំ ២០១៨ វិស័យហិរញ្ញវត្ថុទាំងមូលមានទ្រព្យសកម្មសរុប៤០ពាន់លានដុល្លារ កើនឡើង១៩,៤ភាគរយធៀបនឹងឆ្នាំ២០១៧។ របាយការណ៍ដដែលបានបន្តថា វិស័យធនាគារត្រូវបានធ្វើទំនើបកម្ម ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយបានលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសេវាទូទាត់អេឡិចត្រូនិក។







