[:km]ដោយគង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា ការធ្វើពាណិជ្ជកម្មរួមរវាងកម្ពុជា-ថៃ នឹងមានទំហំកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ តាមការរំពឹងទុក ខណៈទំទាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ជាពិសេសការចរន្តផ្នែកពាណិជ្ជកម្ម។
រដ្ឋលេខាធិការក្រសួងពាណិជ្ជលោកឈួន ដារ៉ាបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកសម្ពោធពិរព័ណពាណិជ្ជកម្មថៃTop Thai Brands 2019 នៅទីក្រុងភ្នំពេញនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩កន្លងមកថា ការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នេះ ជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មសម្រាប់ប្រទេសទាំងពីរ ដើម្បីគាំទ្រដល់អ្នកជំនួញទាំងអស់ និងអ្នកពាក់ព័ន្ឋពាក់ព័ន្ធក្នុងការតាំងពិពណ៌នេះ ជាពិសេសផ្តល់ឱកាសរកដៃគូ ធ្វើអន្តរកម្មជាមួយអត្ថប្រយោជន៍ពាណិជ្ជកម្មទៅវិញទៅមក ដើម្បីជម្រុញការលើកកម្ពស់ផ្នែកអាជីវកម្ម និងការធ្វើពាណិជ្ជ កម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានតម្លាភាព។
ឯកឧត្តមបន្តថា“ក្រោយនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមគ្នា នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានដាក់គោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឲ្យកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០”។លោកបន្តថា “ដោយឈរលើគោលការណ៍កាន់តែរឹងមំា ទាំងផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដូច្នេះសន្ទុះការធ្វើពាណិជ្ជកម្មនេះ នឹងអាចកើនឡើងដល់ការកំណត់ ទៅតាមការរំពឹងទុកជាមិនខាន”។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មរួមរវាងកម្ពុជា-ថៃ នៅឆ្នាំ២០១៨ កន្លងមកនេះ មានទំហំកើនឡើងជាង៨ពាន់លានដុល្លារអាមេរិក កើនឡើង៣៥ភាគរយធៀបនឹងឆ្នាំ២០១៧ ក្នុងនោះការនាំចូលពីប្រទេសថៃមានទំហំជាង៧ពាន់លានដុល្លារ និងការនាំចេញពីកម្ពុជាទៅថៃ មានទំហំប្រមាណ៧៦៨លានដុល្លារអាមេរិក៕[:]