[:km]ដោយរ៉ាវី
ភ្នំពេញ៖ យ៉ាងហោចណាស់ក្នុង១ថ្ងៃ កម្ពុជាត្រូវការបន្លែសរុបប្រមាណ៦០០តោន ដើម្បីផ្គត់ផ្គង់តម្រូវការចំណីអាហារនៅទូទាំងប្រទេស ដែលមានទីផ្សារណាត់បន្លែចំនួន ១៨ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន ៨ ផ្សេង ជាទីតាំងចែកចាយបន្ត។
យោងតាមរយៈរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ចំនួនបន្លែដែលត្រូវផ្គត់ផ្គង់នៅក្នុងប្រទេស គឺមានចំនួនច្រើនលើសលប់ ដែលក្នុងនោះបន្លែក្នុងស្រុកមានចំនួន៤00តោន និងនាំចូលបន្ថែមពីបណ្តាប្រទេសជិតខាងមានចំនួន១៧០តោន ដែលនាំចូលមកពីប្រទេសវៀតណាម ថៃ និងប្រទេសចិនជាដើម។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោកងិន ឆាយបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកដំណើរការផ្សារបន្លែនៅក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃទី១ កុម្ភៈនេះថា ជាការលើកស្ទួយដល់វិស័កសិកម្ម នៅកម្ពុជា និងកាត់បន្ថយការនាំចូលបន្លែពីក្រៅស្រុក តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ អនុវត្តគម្រោងស្តីពីការជំរុញផលិតកម្មស្បៀងនៅទូទាំងខេត្តគោលដៅ ជាពិសេសខេត្តកណ្តាល។






