ដោយៈ គង់ ម៉ាលីនណា
កោះកុងៈ រដ្ឋបាលខេត្តកោះកុង និងក្រសួងទេសចរណ៍បានបង្ហាញរមណីយដ្ឋានទេសចរណ៍ធម្មជាតិ “ឆាយកី” ជារមណីយដ្ឋានមួយ ដែលមានភ្ញៀវទេសចរណ៍តិចតួចណាស់ បានស្គាល់ពីទីកន្លែងនេះ។មិនថាភ្ញៀវជាតិ ឬភ្ញៀវអន្តរជាតិនោះទេ ក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះឡើយ។
យោងតាមការបង្ហោះរបស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅតាមផ្លូវទៅកាន់ទឹកធ្លាក់ចុះ យើងអាចទស្សនា បាននូវព្រៃឈើដ៏ខៀវស្រងាត់ នារដូវវស្សា និង អាចទស្សនាចំការដំណាំ ហូប ផ្លែ វាលស្រែចំការនៅតាមដងផ្លូវ។ ពេលទៅដល់ទីនោះ យើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួន នៅក្នុងជ្រលងភ្នំនៃ ជួរភ្នំក្រវាញខាងត្បូង ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្សាបក្សីយំឮ អឺងកងពេញព្រៃ ខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍។អ្នកដែលបានទៅដល់ទីនោះហើយ គឺច្បាស់ជាមិនចង់ត្រលប់មកផ្ទះវិញឡើយ។
ទីតាំង “ឆាយកី” ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។