ដោយៈ ជេស៊ីកា
ភ្នំពេញៈ អនុរដ្ឋលេខាអធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ សម្រេចបានចំនួនជាង៥០%ហើយ ដោយចំណាយទឹកប្រាក់សរុបចំនួន៧១២លានដុល្លារ។
លោកបញ្ជាក់ទៀតថា ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។
-->
លោកបន្ថែមទៀតថា បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានការចុះចត យន្តហោះរហូតដល់ធុនធំៗ ដែលមានកូដអេហ្វ (Code F: A-340-300, A350-900 នឹង B777-200/300ER, B747-300/400) ដែលមានចំណតយន្តហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរបានពី១៣លាន ទៅ១៥លាននាក់/ឆ្នាំ (២០២៤) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០តោន/ឆ្នាំ (២០២៤) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០-២០៤០)។
ចំណែកការសាងសង់ផ្លូវតភ្ជាប់ ពីមហាវិថីសម្តេច ហ៊ុន សែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥គីឡូម៉ែត្រ សម្រេចបាន៤៦% ដែលផ្លូវនេះ ត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោតែម្តង។
គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនOCIC សាងសង់ និងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ២៦០០ហិចតា ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕



