ដោយ ដែន ចែងចាំង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹង រដ្ឋាភិបាលនឹងចាប់អនុវត្តន៍ការបញ្ចុះថ្លៃស្កែនកុងតឺន័រ ទាំងនាំចេញនិងនាំចូល សម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងចាប់ពីថ្ងៃទី១ មេសាខាងមុខនេះ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បាន មានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចកាលពីចុងសប្តាហ៍មុនថា ការបញ្ចុះថ្លៃស្គេនកុងទីណ័រនេះនឹងចាប់អនុវត្ត ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ តទៅ។

ចំណែកការលុបបំបាត់នូវចំណាយនេះ វិស័យកាត់ដេរសំលៀកបំពាក់ និងផលិត ស្បែកជើង នឹងចំណេញជាទឹកប្រាក់ប្រមាណពី៨០លានដុល្លារអាមេរិក និងចំណេញពីការកាត់បន្ថយថ្លៃស្កែនកុងតឺន័រ ប្រមាណ៣,២លានដុល្លារអាមេរិក។
លោកបន្តថា ការបញ្ចុះថ្លៃស្កែនកុងតឺន័រ រាជរដ្ឋាភិបាលនឹងអនុវត្តន៍ដូចគ្នា នឹងការនាំចេញអង្ករដែលមានតម្លៃសេវាត្រឹម១០ដុល្លារអាមេរិក សម្រាប់កុងតឺន័រ២០ហ្វិត និង១៦ដុល្លារអាមេរិកសម្រាប់កុងតឺន័រ៤០ហ្វិត។






