ដោយ: គង់់ លាងហួរ
បាងកក: សហព័ន្ធឧស្សាហកម្មថៃ (FTI) អះអាងថា សេដ្ឋកិច្ចថៃ និងវិនិយោគិនបរទេស មិនអាចរង់ចាំអស់រយៈពេល១០ខែ ដើម្បីមើលឃើញរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សMove Forward ត្រូវបានបង្កើតឡើង ដោយគ្មានការជំទាស់ ពីសមាជិកព្រឹទ្ធនសភានោះទេ។
គំនិតរយៈពេល១០ខែនេះ ត្រូវបានដាក់ស្នើឡើង បន្ទាប់ពីមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat បរាជ័យ ក្នុងការទទួលបានសំឡេងគ្រប់គ្រាន់ ពីព្រឹទ្ធសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រី ដូច្នេះគណបក្សភឿថៃ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនអាចបង្កើតសម្ព័ន្ធភាពថ្មី ជាមួយគណបក្សក្រោមរដ្ឋាភិបាលចម្រុះរបស់លោក ប្រាយុទ្ធ ចាន់អូចា ទោះបីជាមានការភ័យខ្លាចថា រឿងនេះ នឹងបង្កឱ្យមានការចុះតវ៉ាតាមដងផ្លូវយ៉ាងណាក្តី។លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានមានប្រសាសន៍ថា “FTI រំពឹងថាសេដ្ឋកិច្ច និងទំនុកចិត្តវិនិយោគ នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រទេសថៃបន្តប្រឈមមុខនឹងការពន្យារពេលយូរបែបនេះ”។
លោកបានបន្តថា “វិនិយោគិនបរទេស ជាពិសេសអ្នកវិនិយោគមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប មិនអាចរង់ចាំរយៈពេល១០ខែ ដើម្បីមើលឃើញគោលនយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាលថ្មីនោះទេ ហើយពួកគេនឹងសម្រេចចិត្តវិនិយោគ នៅក្នុងប្រទេសផ្សេងទៀតជំនួសវិញ”។ផ្ទុយទៅវិញ វិនិយោគិននៅតំបន់អាស៊ី ដូចជា ពាណិជ្ជករចិន ជប៉ុន និងកូរ៉េខាងត្បូង ហាក់ដូចជាមិនសូវមានការព្រួយបារម្ភ ចំពោះបញ្ហានយោបាយថៃ ដែលកំពុងបន្តកើតឡើងនោះទេ ប៉ុន្តែសេដ្ឋកិច្ចថៃត្រូវតែបន្តដើរឆ្ពោះទៅមុខ ហើយស្ថិរភាពនយោបាយ គឺជាកត្តាមួយដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ច។
លោក Kriengkrai បានមានប្រសាសន៍បន្ថែមថា “ប្រទេសថៃបានជួបប្រទះ ការធ្លាក់ចុះនៃការនាំចេញ អស់រយៈពេល៨ខែមកហើយ ហើយពាណិជ្ជកម្មក្រៅប្រទេស ទំនងជានឹងថយចុះពេញមួយឆ្នាំ ដោយលោកសង្កត់ធ្ងន់ថា ប្រទេសនេះមិនគួរប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចបន្ថែមទៀត ដែលបណ្តាលមកពីបញ្ហានយោបាយនោះទេ”៕