តើកម្ពុជាមានតំបន់ការពារធនធានធម្មជាតិប៉ុន្មាន?

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ តើបច្ចុប្បន្ននេះកម្ពុជា មានតំបន់ការពារធនធានធម្មជាតិប៉ុន្មាន ហើយមានផ្ទៃដីស្មើនឹងប៉ុន្មានភាគរយ នៃផ្ទៃដីរបស់ប្រទេសកម្ពុជាទាំងមូល?។

តំបន់ការពារធនធានធម្មជាតិ គឺជាដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ដែលធានាបាននូវការការពារប្រភេទសត្វព្រៃ និងរុក្ខជាតិសំខាន់ៗ ក៏ដូចជាសហគមន៍ធម្មជាតិ។

សំណួរសួរថា តើបច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធនធានធម្មជាតិប៉ុន្មានកន្លែង ហើយមានវិសាលភាពសរុប ស្មើនឹងប៉ុន្មានភាគរយនៃផ្ទៃដីប្រទេសទាំងមូល?។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកដល់ឆ្នាំ២០២១នេះ កម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន៧៣ ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ ហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។
តំបន់ការពារធនធានធម្មជាតិចំនួន៧៣នេះ គឺស្ថិតនៅក្នុងប្រភេ​ទតំបន់ការពារធំៗចំនួន រួមមាន

ទី១ តំបន់ឧទ្យានជាតិ
តំបន់ឧទ្យានជាតិនេះមានចំនួន១១ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប១,៧១៧,៦១៤ ហិកតា រួមមាន ឧទ្យានជាតិកែប ឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ”គិរីរម្យ” ឧទ្យា​នជាតិសីហនុ-រាម ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ឧទ្យានជាតិវីរជ័យ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ឧទ្យានជាតិអូរយ៉ាដាវ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។តំបន់ឧទ្យានជាតិទាំងនេះ សម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ និងសម្បត្តិទៅដោយព្រៃស្រោង ព្រៃរបោះ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាបានយ៉ាងច្រើនផងដែរ។

ទី២ តំបន់ដែនជម្រកសត្វព្រៃ
តំបន់ដែនជម្រកសត្វព្រៃ ត្រូវបែងចែកជា១៩ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប៣,៤៣៣,៣៣៦ ហិកតា រួមមាន ដែនជម្រកសត្វព្រៃឱរ៉ាល់ ដែនជម្រកសត្វព្រៃពាមក្រសោប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែនជម្រកសត្វព្រៃសំបូរ និងដែនជម្រកសត្វព្រៃសៀមប៉ាង។

តំបន់ដែនជម្រកសត្វព្រៃទាំងនេះ សម្បូរទៅដោយប្រភេទសត្វព្រៃជិតផុតពូជ សត្វព្រៃកម្រ សត្វព្រៃរងការគំរាមកំហែង ពពួកមច្ឆាជាតិជិតផុតពូជ និងកម្រ ព្រមទាំងជាជម្រកសត្វព្រៃ និងជីវចម្រុះជាច្រើនប្រភេទ ពិសេសសម្បូរទៅដោយធនធានធម្មជាតិ ព្រៃស្រោង និងព្រៃរបោះជាដើម។

ទី៣ តំបន់ទេសភាព
តំបន់ទេសភាព ត្រូវបែងចែកជា១៣តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប១៥៣,៦០៤ ហិកតា រួមមាន តំបន់រមណីយដ្ឋានអង្គរ តំបន់បន្ទាយឆ្មារ តំបន់ព្រះវិហារ តំបន់អង្លង់ព្រីង តំបន់ទំនាបខាងជើងទន្លេសាប តំបន់បឹងព្រែកល្ពៅ តំបន់អាងត្រពាំងថ្ម តំបន់ប្រាសាទបាកាន “ព្រះខ័នកំពង់ស្វាយ” តំបន់រនាមដូនសំ តំបន់សំបូរព្រៃគុក តំបន់បឹងលំកុដ តំបន់ភ្នំក្រាំងដីមាស និងតំបន់បឹងយ៉ាកអោម-យ៉ាកការ៉ា។ សម្រាប់តំបន់ទេសភាពនេះ គឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ សម្បត្តិបេតិកភណ្ឌវប្បធម៌ ព្រៃឈើ និងធនធានធម្មជាតិជាច្រើនទៀត។

ទី៤ តំបន់ប្រើប្រាស់ច្រើនយ៉ាង
តំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវបែងចែកជា៨ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប៤១៥,៧៩៦ ហិកតា រួមមាន តំបន់ដងព្រែក តំបន់សំឡូត តំបន់ទន្លេសាប តំបន់ពញាក្រែក តំបន់ព្រែកទឹកសាបក្បាលឆាយ តំបន់ភ្នំនាងកង្រី-ភ្នំទូកមាស តំបន់សសរស្តម្ភសត្វតោ និងតំបន់បឹងយក្ខឡោម។

ទី៥ តំបន់រ៉ាមសារ
តំបន់រ៉ាមសារ ត្រូវបែងចែកជា៥តំបន់ និងមានផ្ទៃដីទំហំសរុប ៦០,៩៩៥ហិកតា រួមមាន តំបន់ស្ទឹងត្រែង តំបន់កោះកាពិ បឹងទន្លេឆ្មារ តំបន់ព្រែកទាល់ និងតំបន់ស្ទឹងសែន។

ទី៦ តំបន់ស្នូលនៃបឋនីយជីវមណ្ឌល

តំបន់ស្នូលនៃបឋនីយជីវមណ្ឌលនេះ ត្រូវបែងចែកជា ៣ តំបន់ផ្សេងៗគ្នា និងមានផ្ទៃសរុប៤២,២៥៧ ហិកតា រួមមាន តំបន់ព្រែកទាល់ តំបន់ស្ទឹងសែន និងតំបន់បឹងទន្លេឆ្មារ។

ទី៧ តំបន់បេតិកភណ្ឌធម្មជាតិ

តំបន់បេតិកភណ្ឌធម្មជាតិនេះត្រូវបែងចែកជា ១១ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ៣៣,៩៥១ ហិកតា រួមមាន តំបន់ភ្នំត្បែង តំបន់ភ្នំយ៉ាត តំបន់ភ្នំប្រាំពីរ តំបន់ជញ្ជាំង តំបន់គិរីយង់ តំបន់ភ្នំទាក់ទ្រាំង តំបន់ភ្នំព្រះនេត្រព្រះ តំបន់ភ្នំព្រះ-ភ្នំវែង តំបន់ភ្នំយាយសំ តំបន់ភ្នំបាក់ និងតំបន់ភ្នំស្វាយ។

ទី៨ តំបន់ឧទ្យានសមុទ្រ

តំបន់ឧទ្យានសមុទ្រនេះ មានផ្ទៃដីសរុប៥២,៤៤៨ ហិកតា គឺតំបន់សមុទ្រកោះរ៉ុង។ ក្រៅពីនេះ ក៏នៅមានតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដែលមានផ្ទៃដីសរុប ១,៦៣០ ហិកតា និងរបៀងអភិរក្សជីវចម្រុះដែលមានផ្ទៃដីសរុប ១៤២,៧៩៤០ ហិកតា។

ការបង្កើតឱ្យមានតំបន់ការពារទាំងអស់នេះ របស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងកែប្រែតំបន់នានា ឱ្យក្លាយទៅជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ លើកស្ទួយតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។

លោកនេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ជាមួយកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សបានល្អ ក្រុមហ៊ុនបរទេសធំបានទិញឥណទានកាបូនពីកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៦មក កម្ពុជាបានលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា១១.៦ លានដុល្លារអាមេរិក ដើម្បីយកមកពង្រឹងការងារការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន បង្កើតមុខរបរ និងប្រាក់ចំណូលជូនប្រជាសហគមន៍ កសាងជារបងការពាររឹងមាំ ការពារតំបន់ការពារធម្មជាតិផងដែរ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here