វិភាគ​៖​ ​តើ​ជំនួប​រវាង​ត្រាំ​ ​និង​គីម​ ​ជុង​អ៊ុន​ ​លើក​ទី២​ ​នឹង​ទទួល​បាន​ផ្លែផ្កា​ជាដុំកំភួន​ ​ឬទេ​?​

0

​ដោយ​ ​យិន​ ​លាង​គង់​ ​អគ្គនាយក​នៃ​ ​Propertyarea.asia

​ភ្នំពេញ​៖​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​និង​លោក​ ​គីម​ ​ជុង​អ៊ុន​ ​នៅ​ប្រទេស​វៀតណាម​លើក​ទី២​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៧​ ​ដល់២៨កុម្ភៈ​ខាងមុខនេះ​ ​នឹង​សម្រេ​ចបា​នលទ្ឋ​ផល​អ្វីខ្លះ​ ​ខណៈ​អរិភាព​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​កាត់បន្ថយ​។​

លទ្ឋ​ផល​នៃ​ជំនួប​កំពូល​លើក​ទី១កាលពី​ថ្ងៃទី១២​ ​មិថុនា​ ​ឆ្នាំ២០១៨​ ​បាន​កាត់បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​ ​និង​ជាមួយ​បណ្តា​ប្រទេស​ជា​សម្ព័ន្ឋ​មិត្ត​អាមេរិក​ ​ប៉ុន្តែ​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ ​ស្ថិត​ក្នុង​ភាព​ខ្វែងគំនិត​គ្នា​នៅឡើយ​រវាង​អាមេរិក​ ​និង​កូរ៉េខាងជើង​ ​ដោយសារតែ​ភាព​ខុសគ្នា​នៃ​ភាសា​បច្ចេកទេស​ ​រវាង​ការ​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ ​ឬ​រំលាយ​អាវុធ​មហា​ប្រល័យ​ទាំងស្រុង​ចេញពី​កូរ៉េខាងជើង​។​



ភាព​ជា​សម្ព័ន្ឋ​មិត្ត
​សម្ព័ន្ឋ​មិត្ត​រវាង​កូរ៉េខាងជើង​ ​និង​ចិន​មិន​អាច​កាត់​ផ្តាច់​ពីគ្នា​បាន​ឡើយ​ ​ដោយសារ​ហេតុផល​ជាច្រើន​ ​ទី១​ ​ចិន​ ​និង​កូរ៉េខាងជើង​ជា​សម្ព័ន្ឋ​មិត្ត​ ​និង​ជា​កល្យាណមិត្ត​ដែល​ចិន​តែងតែ​នៅ​ពីក្រោយ​កូរ៉េខាងជើង​ ​ក្នុង​ឆាកនយោបាយ​អន្តរជាតិ​ ​ពាណិជ្ជកម្ម​ ​និង​ជំនួយ​មនុស្ស​ធ៌ម​។​ ​ទី២​ ​ចិន​នឹង​មិន​អនុញ្ញាត្ត​ឲ្យ​កូរ៉េខាងជើង​ ​ក្លាយជា​ប្លុក​សេរី​មួយ​ឡើយ​ ​ព្រោះ​បើ​កូរ៉េខាងជើង​ក្លាយ​ជា​ប្រទេសេ​រី​ ​ចិន​នឹង​មាន​ការ​រង្គៀ​ស​ចិត្ត​ ​និង​រសើប​គូទ​ ​ទី៣​ ​យុទ្ឋ​សាស្រ្ត​ដូ​ណា​ល់​ត្រាំ​ ​ដើម្បី​ទាញ​កូរ៉េខាងជើង​ចេញពី​ប្លុក​កុំ​ម៉ុយ​នី​ស្ត​ ​មិនមែន​ជា​រឿង​ដែល​ចិន​មិនដឹង​នោះ​ឡើយ​ ​ទី៤​ ​កូរ៉េខាងជើង​ខ្លួនឯង​នឹង​មិន​បើកចំហ​ខ្លាំង​នោះ​ទេ​ ​ព្រោះ​បើ​កូរ៉េខាងជើង​បើកចំហ​ខ្លាំង​ ​និង​ដើរចេញ​ពី​ប្លុក​កុំ​ម៉ុយ​នីស​ ​មិន​ខុសពី​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​នោះ​ទេ​។​
​ហេតុនេះ​ព្រះ​អាទិ​ត្រ​រះ​លើទឹក​ដី​កូរ៉េខាងជើង​ ​មិនមែន​ជា​ព្រះអាទិត្យ​ថ្មី​ដែល​អាចប​ង្កើត​ឡើង​ដោយ​សប្ប​និម្មិត​របស់​អាមេរិក​នោះ​ទេ​ ​តែ​ជា​ព្រះអាទិត្យ​ដដែល​គ្រាន់តែ​ដែល​មាន​ពន្លឺ​ភ្លឺ​ជាង​មុន​ ​បន្ទាប់ពី​ពពក​បាំង​អស់​រយៈកាល​ជាច្រើន​ទសវត្សរ៍​ប៉ុណ្ណោះ​។​

លោ​ក​គីម​ ​ជុង​អ៊ុន​ចាប់ផ្តើម​ក្រសោប​យក​សេដ្ឋកិច្ច
​ពិត​ណាស់​កូរ៉េខាងជើង​កំពុង​ទទួល​បានផល​ចំណេញ​ ​ពី​ជំនួប​លើក​ទី១រវាង​ដូ​ណា​ល់​ត្រាំ​ ​និង​គីម​ ​ឬ​បុ​រស​រ៉ូ​កែត​ ​ដោយ​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ​បាន​ទៅ​ទស្សនា​ប្រទេស​កូរ៉េខាងជើង​ច្រើនជាង​មុន​ ​ភាព​ធូរស្រាល​នៃ​ទំនាក់ទំនង​បងប្អូន​ទាំងពីរ​(​កូរ៉េខាងជើង​ ​និង​ខាងត្បូង​)​ត្រូវ​បាន​ធូរស្រាល​ ​ដែល​នាំមក​នូវ​វិបុលភាព​នៃ​ប្រជាជាតិ​ដ៏​ឯកោ​នេះ​នា​ពេល​អនាគត​។​
​បន្ទាប់ពី​ជំនួប​លើក​ទី១​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​កៃ​សុង​ ​ត្រូវ​បាន​បើកទ្វារ​ឡើងវិញ​ ​ហើយ​រំ​ណី​យ​ដ្ឋាន​ភ្នំ​ពេជ្រ​ ​(​Diamond​ ​Island​ ​)​ ​ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ​បាន​បើកទ្វារ​ ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ​ពិសេស​ភ្ញៀវ​ទេសចរណ៍​កូរ៉េ​ខាងត្បូង​ផង​ដែរ​ ​ដែល​អ្នកវិភាគ​បាន​ហៅ​ការ​បើកចំហ​នេះ​ ​”​ជា​កា​រដក​ទ័​ណ្ឌ​កម្ម​ដោយប្រយោល​ពី​សហរដ្ឋអាមេរិក​”​ចំពោះ​កូរ៉េខាងជើង​ ​ដោយ​ឲ្យ​កូរ៉េ​ខាងត្បូង​ដើរតួ​ជំនួស​ខ្លួន​។​

​គីម​ ​ជុង​អ៊ុន​ ​ដែល​ធ្លាប់​សិក្សា​នៅ​ប្រទេស​ស្វីស​ ​ពិតជា​ទទួល​មនោគមវិជ្ជា​សេរី​ក្នុង​សន្តាន​ចិត្ត​របស់​ខ្លួន​ ​ហេតុនេះ​ការ​ផ្តើម​ជំនួប​ជាមួយ​ដូ​ណា​ល់​ត្រាំ​ជា​លើក​ទី១​ ​ក៏ដូចជា​លើក​ទី២​ ​មិនមែន​ជា​សន្តាន​ចិត្ត​ឬវត្ថុ​បំណង​ពី​សម្ព័ន្ឋ​មិត្ត​របស់​ខ្លួន​ទេ​ ​តែ​ជា​ការ​ដក​ខ្លួ​នប​ណ្តើរៗ​ចេញ​ពី​សម្ព័ន្ឋ​មិត្ត​ ​ដើម្បី​ស្វែងរក​ស្វ័យភាព​ខ្លួនឯង​ផង​ ​និង​បញ្ចប់​ការអត់ឃ្លាន​និង​ភាព​ក្រីក្រ​នៃ​ប្រជាជាតិ​របស់​ខ្លួន​ផង​។​


ជំហរ​របស់​មហាយក្ស​ចិន​
​ការ​ជ្រើសរើស​ទីក្រុង​ណាមួយ​របស់​វៀតណាម​ ​ដើម្បី​រៀបចំ​ជំនួប​កំពូល​នៃ​មេ​ដឹក​នាំ​អាមេរិក​ ​និង​គីម​ ​ជុង​អ៊ុន​ ​តិច​ឬ​ច្រើន​មហាយក្ស​ចិន​មិន​សប្បាយចិត្ត​នោះ​ឡើយ​ ​តែ​ចិន​ ​ដែល​តែងតែ​នៅ​ពីក្រោយ​កូរ៉េខាងជើង​ ​ត្រូវតែ​សម្តែង​ដើម្បីឲ្យ​អន្តរជាតិ​មើលឃើញ​ថា​ ​ជា​មនុស្ស​មានចិត្ត​ទូលាយ​ ​និង​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព​ ​និង​សណ្តាប់​ធ្នាប់​ពិភពលោក​។​

ជាមួយនឹង​ការ​បើកទូលាយ​របស់​កូរ៉េខាងជើង​កាន់តែ​ខ្លាំង​ ​ចិន​ក៏​នឹង​បើក​កញ្ចប់​លុយ​របស់​ខ្លួន​កាន់តែ​ច្រើន​ដើម្បី​ផ្តល់​ជំនួយ​ ​ក៏ដូចជា​បង្កើន​ការ​វិនិយោគ​នៅ​កូរ៉េខាងជើង​ផង​ដែរ​ ​ហេតុនេះ​អ្នក​កាច់​ចង្កូ​ចប្រ​ទេស​ ​ទៅកាន់​គោលដៅ​ណា​ពិតប្រាកដ​នា​ពេលនេះ​គឺ​គីម​ ​និង​ថា​តើ​គី​ម​មាន​ភាព​ឆ្លាតវៃ​ទាញ​ ​យក​ផលប្រយោជន៍​សំរាប់​ជាតិសាសន៍​ខ្លួន​បាន​កម្រិត​ណា​ ​វា​អាស្រ័យ​លើ​ភាព​ឆ្លាតវៃ​ ​និង​ការ​ថ្លឹងថ្លែង​របស់​ខ្លួន​។​

ក្នុង​ជំនួប​ដ៏​តានតឹង​ ​ដើម្បី​ដោះស្រាយ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន​ ​អាមេរិក​ ​បាន​ក្លាយជា​រឿង​ឈឺក្បាល​មួយ​សំរាប់​មេដឹកនាំ​ចិន​រួច​ទៅ​ហើយ​ ​ខណៈ​ប្រធានាធិបតី​ដូ​ណាល់​ ​ជេ​ ​ត្រាំ​គ្រោង​បង្កើន​ពន្ឋ​គយ​លើ​ទំនិញ​ចិន២០០ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ ​និង​គំរាម​បង្កើន​ពន្ឋ​គយ​លើ​ទំនិញ​ដែល​នៅ​សេសសល់​របស់​ចិន​ ​ដែល​នាំចូល​សហរដ្ឋអាមេរិក​នា​ពេល​ខាងមុខ​បន្ថែម​ទៀត​។​ ​

​ហេតុនេះ​ ​ចិន​នឹង​មិន​បណ្តោយ​ឲ្យ​បាត់​បង់​សម្ព័ន្ឋ​មិត្ត​របស់​ខ្លួន​នោះ​ទេ​ ​ព្រោះ​បើ​ចិន​ ​ធ្វើព្រងើយ​កន្តើយ​លើ​រឿង​នេះ​ ​វា​នឹង​ហុច​ផល​អាក្រក់​ជាច្រើន​ ​ទី១​ ​ស្មើនឹង​ឲ្យ​អាមេរិក​សំពង​ក្បាល​របស់​ខ្លួន​ ​ទី២​ ​នឹង​ធ្វើឲ្យ​ប្លុក​កុំ​ម្មុយ​នី​ស​ចុះ​ខ្សោយ​ ​និង​ធ្វើឲ្យ​ផ្ទះ​របស់​ខ្លួន​ត្រូវ​បាន​សត្រូវ​ចូល​មក​យាយី​ ​ទី៣​ ​ចិន​នឹង​បា​ត់​បង់​ឥទ្ឋិ​ពល​ក្នុង​តំបន់​ ​និង​ធ្វើឲ្យ​គេ​មើលឃើញ​ថា​ចិន​ធ្លាក់​ក្នុង​ភាព​ថយក្រោយ​នៃ​នយោបាយ​ការបរទេស​របស់​ខ្លួន​។​

ដូ​ណា​ល់​ត្រាំ​ ​
​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​និយាយ​យ៉ាង​ច្បាស់​ហើយ​ថា​ ​“​ប្រសិនបើ​រូប​ខ្ញុំ​មិន​ត្រូវ​បាន​ជាប់ឆ្នោត​ឲ្យ​ឡើង​ធ្វើជា​ប្រធានាធិបតី​ទេ​នោះ​ ​យើង​(​អាមេរិក​ ​និង​កូរ៉េខាងជើង​)​ប្រាកដជា​ស្ថិត​ក្នុង​សង្រ្គាម​ដ៏​ធំ​សម្បើម​មួយ​ហើយ​នា​ពេលនេះ​”​។​
​សារ​នេះ​បាន​បញ្ជាក់​រួចហើយ​ថា​ ​សហរដ្ឋអាមេរិក​មិន​ចង់​មាន​សង្រ្គាម​ជាមួយ​កូរ៉េខាងជើង​នោះ​ទេ​ ​ទោះជា​អាមេរិក​មាន​អានុភាព​ខ្លាំង​លើ​អាវុធ​មហា​ប្រល័យ​ក្តី​ ​ក៏​អាមេរិក​មិនបាន​មើល​ស្រាល​សម្ថ​ភាព​របស់​កូរ៉េខាងជើង​ដែរ​ ​ហើយ​អ្វី​កាន់តែ​គួរឲ្យ​យកចិត្ត​ទុកដាក់​នោះ​ ​គឺ​ការ​ការ​ពារ​សម្ព័ន្ឋ​មិត្ត​របស់​ខ្លួន​គឺ​ប្រទេស​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​នេះ​តែងតែ​ដេកមិនលក់​ ​ឬ​ភ្ញាក់​ទាំង​កណ្តាល​អា​ធ្រា​ត​ ​នៅពេល​កូរ៉េខាងជើង​សាកល្បង​អាវុធ​នុយ​ក្លេ​អ៊ែ​រម្តងៗ​។​

ដូ​ណាល់​ ​ត្រាំ​មិន​ត្រឹមតែ​ចង់​កា​ត់​បន្ថយ​ឥទ្ឋិ​ពល​ចិន​ ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​ទេ​ ​តែ​ក៏​ដើម្បី​ចំណេញ​សេដ្ឋកិច្ច​របស់​ខ្លួន​ដែរ​ ​ប៉ុន្តែ​បុរស​នេះ​មិន​មានដៃ​ទូលាយ​នោះ​ទេ​ ​សំរាប់​បណ្តា​ប្រទេស​នានា​ ​ដោយសារ​គាត់​(​ត្រាំ​)​ជា​មនុស្ស​អញនិយម​។​ ​ហេ​តុ​នេះ​លទ្ឋ​ផល​នៃ​ជំនួប​នេះ​ ​បើសិនជា​មាន​ផ្លែផ្កា​ធំធេង​ ​វា​ក៏​ជា​កត្តា​កំណត់​អាណត្តិ​ការ​ជាប់ឆ្នោត​លើក​ទី២​ ​របស់​ខ្លួន​នា​ពេល​ខាងមុខ​ផង​ដែរ​។​

ប្រធានាធិបតី​អាមេរិក​ ​ដែល​ជា​មនុស្ស​គាំពារ​និយម​ ​និង​ស្វែងរក​ផលប្រយោជន៍​និយម​ ​នឹង​មិន​ចំណាយ​ប្រាក់​ច្រើន​នោះ​ទេ​ ​ជាក់ស្តែង​បន្ទាប់ពី​ជំនួប​លើក​ទី១កាលពី​ថ្ងៃទី១២​ ​មិថុនា​ ​ឆ្នាំមុន​ ​គឺ​បាន​ទម្លាក់​ការ​ចំណាយ​ការទទួលខុសត្រូវ​ ​លើ​ការរំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​ជប៉ុន​ជា​អ្នករ៉ាប់រង​លើ​ការ​ចំណាយ​។​



ការ​រំពឹង​ទុ​ក​នៃ​លទ្ឋ​ផល​ជំនួប
​ច្បាស់​ណាស់​ជំនួប​លើក​ទី២នា​ពេល​ខាងមុខ​ ​រវាង​មេដឹកនាំ​ទាំងពីរ​នឹង​មាន​លទ្ឋ​ផល​តិច​ឬ​ច្រើន​ ​ពិតជា​មាន​សំរាប់​មេដឹកនាំ​កូរ៉េខាងជើង​ ​ហើយ​កូរ៉េខាងជើង​នឹង​កាន់តែ​ទទួល​បានផល​ប្រយោជន៍​កាន់តែ​ច្រើន​ពី​អាមេរិក​ផង​ ​ពី​ចិន​ផង​ ​ពី​បណ្តា​ប្រទេស​នានា​ផង​ ​ដែល​វា​ជា​កាលានុវត្តន៍​ភាព​ដ៏​សំខាន់​ ​សំ​រាប់​គីម​ ​ក្នុង​ការ​កសាង​ខឿន​សេដ្ឋកិច្ច​និង​សង្គម​របស់​ខ្លួន​ឡើងវិញ​។​

​ដូច្នេះ​ការសម្រេច​ចិត្ត​របស់​លោ​ក​គីម​ ​ជុង​អ៊ុន​ត្រូវតែ​ធ្វើឡើង​ប្រកបដោយ​សុភ​វិនិច្ឆ័យ​និង​ការទទួលខុសត្រូវ​មួយ​ ​ដោយ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​សំ​ខាន់​ៗ​ជាច្រើន​ ​ដូចជា​ ​ទី១​ ​ដំបូង​គេ​ត្រូវ​គិត​ពី​ភាព​ក​ត្ត​ញ្ញូ​ ​ព្រោះ​ជីតា​ ​និង​ឳពុក​របស់​ខ្លួន​បាន​កសាង​ប្រទេស​ដ៏​លេចធ្លោ​មួយ​ ​លើឆាកអន្តរជាតិ​(​ទោះ​ស្ថិត​ក្នុង​ភាព​ក្រីក្រ​បន្តិច​ក្តី​)​ ​ទី២​ ​ត្រូវ​ថ្លឹងថ្លែង​ជា​មួ​យស​ម្ព័ន្ឋ​មិត្ត​របស់​ខ្លួន​ ​ដែល​ធ្លាប់​ជួយ​ខ្លួន​ក្នុង​ពេល​ក​ម្រ​ត់​កម្រ​ជាច្រើន​ទសវត្សរ៍​ ​ទី៣​ ​ភាពជា​បងប្អូន​ជាមួយ​កូរ៉េ​ខាងត្បូង​ ​ក៏​ជា​រឿង​រសើប​មួយ​របស់​លោ​ក​គីម​ផង​ដែរ​ ​ដែល​ត្រូវ​វិភាគ​ពិចារណា​លើ​គ្រប់ជ្រុងជ្រោយ​ ​និង​ទី៤​ ​ភាពជា​អ្នកជិតខាង​រវាង​កូរ៉េខាងជើង​ ​រុស្ស៊ី​ ​និង​បណ្តា​ប្រទេស​សម្ព័ន្ឋ​មិត្ត​ជាមួយ​ខ្លួន​ ​និង​ជាស​ត្រូវ​រួម​ជាមួយ​អាមេរិក​កាលពី​អតីតកាល​ ​និង​បច្ចុប្បន្ន​ផង​ដែរ​។​

សរុប​មកវិញ​ ​លទ្ឋ​ផល​ជំនួប​លើក​ទី២របស់​គីម​ ​និង​ដូ​ណា​ល់​ត្រាំ​ ​នឹង​មិន​មាន​លទ្ឋ​ផល​ជាដុំកំភួន​នោះ​ទេ​ ​ហើយ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នឹង​មិនកើត​មាន​ឡើយ​។​ ​អ្នក​ចំណេញ​ពី​ជំនួប​នេះ​គឺ​បាន​មក​លើ​គីម​ ​ជុង​អ៊ុន​ច្រើនជាង​ត្រាំ​ ​ព្រោះ​មរតក​ប្រវត្តិ​សាស្រ្ត​ភូមិ​សាស្រ្ត​នយោបាយ​ ​ទំនាក់ទំនង​អន្តរជាតិ​ ​និង​ភាព​ជា​សម្ព័ន្ឋ​មិត្ត​ជាមួយ​ចិន​ ​នឹង​ជះ​ឥទ្ឋិ​ពល​ដល់​កា​រម​សម្រេចចិត្ត​របស់​គីម​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here