ឥណ្ឌូនេស៊ីប្រកាសគោលនយោបាយផ្តល់ទិដ្ឋាការមាស រយៈពេល១០ឆ្នាំដល់ក្រុមហ៊ុន ឬជនបរទេសដែលវិនិយោគក្នុងប្រទេសរបស់ខ្លួន

0

ដោយ: គង់ លាងហួរ
ហ្សាការតា: ទីភ្នាក់ងារអន្តោប្រវេសន៍នៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសថា គោលនយោបាយ “ទិដ្ឋាការមាស” នឹងត្រូវដាក់ឱ្យអនុវត្តនៅក្នុងខែកក្កដានេះសម្រាប់ពលរដ្ឋ ឬក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងប្រទេសនេះ។

ក្រុមហ៊ុនដែលដាក់ពាក្យសុំទិដ្ឋាការនេះត្រូវតែបណ្តាក់ទុនយ៉ាងតិច៥០លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលបុគ្គលម្នាក់ៗត្រូវបោះទុនវិនិយោគយ៉ាងតិចណាស់៣៥០.០០០ដុល្លារក្នុងប័ណ្ណបំណុលរដ្ឋាភិបាល។

លោក Silmy Karim ប្រធានទីភ្នាក់ងារអន្តោប្រវេសន៍នៃប្រទេសឥណ្ឌូនេសុីបានអះអាងថាវាក៏ជា វិធានការមួយក្នុងចំណោមវិធានការជាច្រើនផ្សេងទៀតរបស់រដ្ឋាភិបាល ដើម្បីសម្រិតសម្រាំងភ្ញៀវទេសចរបរទេសណាដែលមានសមត្ថភាពផងដែរ។ទិដ្ឋាការមាសនេះមានសុពលភាពរយៈពេលចាប់ពី៥ រហូតទៅដល់១០ឆ្នាំ និងអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋាការនេះអាចធ្វើអាជីវកម្ម និងសកម្មភាពផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូនេស៊ី បានសម្តែងក្តីសង្ឃឹមថា “ទិដ្ឋាការមាសនឹងជួយទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតនៅក្នុងវិស័យជាច្រើន និងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាមជ្ឈមណ្ឌលមួយនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព”។

ដោយផ្អែកលើនិយមន័យនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ទិដ្ឋាការមាសសំដៅលើគម្រោងលិខិតអនុញ្ញាតស្នាក់នៅតាមរយៈការវិនិយោគ ឬការស្នាក់នៅតាមរយៈការវិនិយោគ។គោលនយោបាយនេះត្រូវបានអនុវត្តដោយប្រទេសមួយតាមរយៈយន្តការនៃការផ្តល់សិទ្ធិស្នាក់នៅ ឬសញ្ជាតិដល់ពលរដ្ឋបរទេសតាមរយៈការវិនិយោគ ឬបង់ថ្លៃជាក់លាក់មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here