ប្រទេសចិន ជាប្រភពទេសចរបរទេសធំបំផុតទី២ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងត្រីមាសទី២ឆ្នាំនេះ

0

តែម សុខុម

ភ្នំពេញ: ភ្ញៀវទេសចរចិន ប្រមាណ១៥.៨១០នាក់បានមកទស្សនាឧទ្យានបុរាណវិទ្យាអង្គរ ដ៏ល្បីល្បាញរបស់កម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ដោយកើនឡើង២០៦.៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួនត្រឹមតែ៥.១៥៨នាក់។

របាយការណ៍របស់ក្រុមហ៊ុនលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត Angkor Enterprise ដែលគ្រប់គ្រងដោយរដ្ឋបានបង្ហាញកាលពីថ្ងៃសុក្រ ទី២៨ កក្កដា ថាអំឡុងខែមេសា ដល់ខែមិថុនាឆ្នាំនេះ ប្រទេសចិន គឺជាប្រភពទេសចរអន្តរជាតិធំបំផុតទី២ ដែលមកទស្សនាឧទ្យានបុរាណអង្គរ បន្ទាប់ពីសហរដ្ឋអាមេរិក។

របាយការណ៍ដដែលបន្ថែមថា ប្រទេសអង់គ្លេស ជាប្រភពធំបំផុតទី៣ ប្រទេសបារាំង ជាប្រភពធំបំផុតទី៤ និងប្រទេសអូស្ត្រាលី ជាប្រភពធំបំផុតទី៥ នៃភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទអង្គរវត្ត។លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានចាត់ទុកការកើនឡើងនៃភ្ញៀវទេសចរចិន ដោយសារការបើកប្រទេសចិន ឡើងវិញកាលពីដើមឆ្នាំនេះ។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “យើងសង្ឃឹមថា ភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើននឹងមកលេងកម្ពុជា ជាពិសេសមកទស្សនាឧទ្យានអង្គរ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខដោយសារក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបន្តជើងហោះហើររបស់ពួកគេមកកាន់កម្ពុជា”។

យោងតាមរបាយការណ៍ដដែលបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន១៤៩.៤២៨នាក់មកពី១៦៤ប្រទេស និងតំបន់បានមកទស្សនាឧទ្យានអង្គរ ក្នុងត្រីមាសទី២ ឆ្នាំនេះ ដោយកើនឡើង២៧២%ពី៤០.១៤៣នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយមានទីតាំងស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យានបុរាណវិទ្យាអង្គរ ដែលស្ថិតនៅលើទំហំដី៤០១គីឡូម៉ែត្រការ៉េត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក្នុងឆ្នាំ១៩៩២៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here