មន្រ្តី​ជាន់ខ្ពស់​រដ្ឋសភា​អះអាង​ថា​ ​ខេត្តកំពត​បច្ចុប្បន្ន​ប្រៀប​បាន​នឹង​កូនក្រមុំ​ដ៏​ស្រស់​មួយ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋសភា​ជាតិ​ ​និង​ជា​ប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋសភា​បានប្រៀប​ប្រដូច​ខេត្តកំពត​ថា​ ​ជា​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​នៅ​តំបន់ឆ្នេរ​ប៉ែក​និរតី​ ​នៃ​ប្រទេស​កម្ពុជា​ដែល​កំពុង​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​។​

​មានប្រសាសន៍​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្តកំពត​ ​កាលពី​ចុង​សប្តាហ៍​មុន​ ​លោកជំទាវ​ ​និន​ ​សា​ផុន​ ​ប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋ​ភាព​បាន​មានប្រសាសន៍​ថា​ ​លោកជំទាវ​ពិតជា​រីករាយ​ ​និង​មោទនភាព​ ​នៅពេល​ដែល​បាន​ជាន់ទឹក​ដី​ខេត្តកំពត​ ​ព្រោះ​កំពត​បច្ចុប្បន្ន​ខុសប្លែក​ពីមុន​។​ ​កំពត​ជា​ខេត្ត​នៅ​ជាប់​ឆ្នេរសមុទ្រ​ ​ហើយ​មាន​ទាំង​តំបន់​ភ្នំ​ ​ពិសេស​កំពត​មាន​សក្តា​នុ​ពល​ ​និង​អំណោយផល​ពី​ធម្មជាតិ​ ​ដែល​ជា​កត្តា​ល្អ​ ​ជួយ​ជំរុញ​ដល់​វិស័យ​សេដ្ឋកិច្ច​ ​ឧស្សាហកម្ម​ ​កសិកម្ម​ ​ក៏ដូចជា​វប្បធម៌​ ​អរិយធម៌​ ​និង​ទេសចរ​ផង​ដែរ​។​ ​ដូច្នេះ​លោកជំទាវ​បានប្រៀប​ប្រដូច​ខេ​ត​កំពត​ថា​ ​ជា​កូនក្រមុំ​ដ៏​ស្រស់​ស្អា​ត់​។​ប៉ុន្តែ​កាលពីមុន​កំពត​មិនទាន់​មានការ​អភិវឌ្ឍ​បាន​ល្អ​ដូច​បច្ចុប្បន្ន​នេះ​ទេ​។​ ​

​លោកជំទាវ​បន្ត​ថា​ ​នៅពេល​ដែល​លោក​ ​ជាវ​ ​តាយ​ ​អភិបាលខេត្ត​ ​បាន​ចូល​មកកាន់​ដំណែង​ជា​អភិបាលខេត្ត​ ​ក្នុងរយៈពេល​ខ្លី​សឹង​មិនបាន​មួយឆ្នាំ​ផង​ ​តែ​សមិទ្ធ​ផល​ថ្មី​ៗ​ ​និង​ការអភិវឌ្ឍន៍​រីកចម្រើន​បាន​លេចឡើង​គួរឲ្យ​ភ្ញាក់ផ្អើល​។​ ​

​អភិបាលខេត្ត​កំពត​ ​លោក​ជាវ​ ​តាយ​ ​បាន​ស្នើ​ឲ្យ​ប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋសភា​ជួយ​ពន្លឿន​ ​លើ​ការសិក្សា​ទៅលើ​ភ្នំ​មួយចំនួន​ ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ ​និង​ភ្នំ​ខ្លះ​ជា​កន្លែង​រមណីយដ្ឋាន​ ​ដែល​មានការ​ស្ទះ​ដល់​ការ​ចេញ​អាជ្ញាប័ណ្ណ​ ​ក្នុង​ការអភិវឌ្ឍន៍​។​ ​ជាក់ស្តែង​ភ្នំ​កំពង់ត្រាច​ ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ទេសចរ​គេ​ចង់បាន​ ​ប៉ុន្តែ​ខាង​រ៉ែ​ទុក​សិក្សា​ ​ខាង​ក្រសួងបរិស្ថាន​ថា​មិនបាន​ ​ដូច្នេះ​ការអភិវឌ្ឍន៍​តំបន់​នោះ​ត្រូវ​រាំងស្ទះ​រាប់​ឆ្នាំ​ ​អភិវឌ្ឍន៍​យឺតយ៉ាវ​ជាង​តំបន់​ផ្សេង​ៗ​។​

​ក្នុង​ពេល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ ​និយោជិត​នៅ​ខេត្តកំពត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​លើកឡើង​ពី​ខេត្តកំពត​ ​ដែល​មាន​សក្តា​នុ​ពល​ជាច្រើន​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ ​ដោយ​ខេត្ត​នេះ​មាន​ឧស្សាហកម្ម​ធុន​ធ្ងន់​ ​ដោយមាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន៣​ ​មាន​កំពង់ផែ​ទឹកជ្រៅ​នា​ពេល​អនាគត​ ​ដែល​សម្រួល​ដល់​ការ​ដឹកជញ្ជូន​នា​ពេល​អនាគត​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​និង​មាន​សក្តា​នុ​ពល​លើ​ដំណាំ​កសិកម្ម​ ​ដូចជា​ម្រេច​កំពត​ ​ធូរ​រ៉េ​នកំព​ត​ ​ស្រែអំបិល​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ​វប្ប​ធ៌ម​ ​ប្រវត្តិ​សាស្រ្ត​យ៉ាងច្រើន​។​

​សម្តេច​បន្ត​ថា​ ​“​ជាមួយនឹង​ការពង្រីក​ផ្លូវជាតិ​លេខ៣ជា៤គន្លង​ ​ពី​រាជធានី​ភ្នំពេញ​ ​ដល់​តំបន់​បាយ​គូស​ ​នឹង​ធ្វើឲ្យ​ខេត្តកំពត​រីកចម្រើន​ ​និង​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​ជាច្រើន​ទៀត​នា​ពេល​អនាគត​”​ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here