Hattha top Banner

អន្តរក្រសួងនឹងសហការគ្នារៀបចំសិក្ខាសាលាលើប្រតិបត្តិការ និងការថែរទាំកំពង់ផែទេសចរណ៍ខេត្តកំពត

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងចំនួ​នបី នឹងរៀប​ចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance​-O&M) គម្រោងកំពង់ផែទេស​ចរណ៍ខេត្តកំពត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន”។

ក្រសួងចំនួនបីនោះរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេស​ចរណ៍។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយលកាលពី ថ្ងទី២ខែសីហា បានឲ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ​នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៏ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើការ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់នេះ។

សេចក្តីប្រកាសពត៌មានដដែលនេះ បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង​ ព័ត៌មានទីផ្សារ តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ លក្ខខណ្ឌនៃការដេញថ្លៃ​ និងក្របខណ្ឌពេលវេលា ក្នុងការរៀបចំអភិវឌ្ឍគម្រោងកំពង់​ផែទេសចរណ៍ខេត្តកំពត។កំពង់ផែទេសចរណ៍ខេត្តកំពត ត្រូវបានសាងសង់ឡើងក្រោមកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រមាណ១០លានដុល្លារអាមេរិក។ កំពង់ផែនេះដើរតួនាទីសំខាន់ សម្រាប់តភ្ជាប់ដំណើរទេស​ចរណ៍តាមសមុទ្រនៅកម្ពុជា និងជាមួយប្រទេសជិតខាង។

កំពង់ផែស្ថិតនៅជាប់នឹងដងព្រែក ដែលជាដៃសមុទ្រស្ថិតក្នុងស្រុកទឹកឈូចម្ងាយប្រមាណ​៦គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែទេ​សចរណ៍សមុទ្រមួយនេះ សាងសង់ឡើងលើដីទំហំជាង៤ហិកតា និង បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃខែមិថុនា ឆ្នាំ២០២២។ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវសាងសង់រួមមានដូចជា កំពង់ផែប្រវែងជាង១២៣ម៉ែត្រ មានទទឹងជាង១១ម៉ែត្រ អគារអ្នកដំណើរ និងភោជនីយដ្ឋាន ផ្លូវ អគារប្រមូលសំរាម អគារបច្ចេកទេស បន្ទប់ទឹកសាធារណៈ អាងស្តុកទឹក ស្រះទឹក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here