ដោយៈ តែម សុខុម
បាងកក: ធនាគារលំនៅឋានរដ្ឋ (GHB) នៃប្រទេសថៃ និយាយថា តម្លៃដីធ្លីនៅទីក្រុងបាងកក និងជាយក្រុងបាងកក បានបន្តហក់ឡើងក្នុងត្រីមាសទី២ ដើមឆ្នាំនេះ ប៉ុន្តែហក់ឡើងក្នុងល្បឿនយឺតជាងក្នុងត្រីមាសទី១ និងឆ្នាំមុន។
លោក វិឆៃ វីរ៉ាត់កាប៉ាន (Vichai Viratkapan) នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ នៃធនាគារលំនៅឋានរដ្ឋ (GHB) លើកឡើងថា សន្ទស្សន៍តម្លៃដីធ្លី ដែលគ្មានអគារនៅទីក្រុងបាងកក និងជាយក្រុងបាងកក ក្នុងត្រីមាសទី២ គឺ១៧៦,៥ពិន្ទុ ដោយកើនឡើង៦,២%ធៀបនឹងឆ្នាំ ប៉ុន្តែធ្លាក់ចុះ២,៤%ធៀបនឹងត្រីមាស។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី២ ខែសីហា។
លោកបានបន្ថែមទៀតថា អត្រានៃការហក់ឡើងតម្លៃដីធ្លី នៅទីក្រុងបាងកក និងជាយក្រុងបាងកក មានសន្ទុះយឺតជាង បើធៀបនឹងតម្លៃជាមធ្យមរយៈពេលប្រាំឆ្នាំ មុនពេលផ្ទុះវិបត្តិកូវីដ-១៩ និងត្រីមាសមុន”។
តម្លៃដីធ្លីបានហក់ឡើង១៤,៨% បើធៀបនឹងតម្លៃជាមធ្យមពីឆ្នាំ២០១៥-២០១៩ ប៉ុន្តែកើនឡើងត្រឹមតែ៤,១%ប៉ុណ្ណោះ បើធៀបនឹងត្រីមាសទី១។លោក វិឆៃ លើកឡើងថា ការបង្អង់ល្បឿន នៃការហក់ឡើងថ្លៃនេះ គឺបណ្ដាលមកពីការធ្លាក់ចុះសេដ្ឋកិច្ចថៃ ក្នុងឆមាសទី១ ដើមឆ្នាំនេះ និងការសម្រេចចិត្តរបស់ធនាគារកណ្តាលថៃ ក្នុងការលើកលែងអនុបាតទំហំកម្ចីធៀបជាមួយទ្រព្យបញ្ចាំ (LTV) និងការហក់ឡើងនូវអត្រាការប្រាក់។
អនុបាត LTV គឺជាការវាយតម្លៃលើហានិភ័យ នៃការផ្តល់ប្រាក់កម្ចីដែលស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នផ្តល់ប្រាក់កម្ចីផ្សេងៗទៀតត្រូវពិនិត្យមើល មុននឹងអនុម័តកម្ចីទិញផ្ទះ។
លោក វិឆៃ លើកឡើងថា បំណុលគ្រួសារនៅតែមានកម្រិតខ្ពស់រហូតដល់ទៅ៩០% នៃផលទុនជាតិសរុប (GDP) ខណៈអត្រាការប្រាក់កើនឡើង បានធ្វើឱ្យពលរដ្ឋស្ទាក់ស្ទើរក្នុងការទិញផ្ទះ។
លោកបន្តថា ជាងនេះទៅទៀត ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា ក៏បានផ្អាកគម្រោងលំនៅឋានថ្មីៗផងដែរ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៣។លោកបានគូសបញ្ជាក់ថា ការប្រកាសរបស់រដ្ឋាភិបាលថៃ ក្នុងការចាប់ផ្តើមប្រមូលពន្ធដីធ្លី ក្នុងអត្រាពេញចាប់ពីឆ្នាំនេះ ក៏បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានា មានការស្ទាក់ស្ទើរ ក្នុងការទិញដីទុកអភិវឌ្ឍផងដែរ៕ The Nation៕