ដោយនៅ វឌ្ឈនា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងគ្រោងកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ទាំងរថភ្លើងលើអាកាស Smart City និងកំពង់ផែលំដាប់អន្តរជាតិ។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបានបើកកិច្ចប្រជុំអន្តរក្រសួង និងជាមួយដៃគូអភិវឌ្ឍន៍នានានៅរសៀលថ្ងៃទី៧ កុម្ភៈនេះបានឲ្យដឹងថា រដ្ឋាភិបាលនឹងសាងសង់ផ្លូវរថភ្លើងលើអាកាស(AGT) ប្រព័ន្ធដឹកជញ្ជូនដោយប្រើផ្លូវដែក(Tramways) និងគម្រោងសាកល្បងស្មាតស៊ីធីដែលប្រកបដោយ បរិស្ថានស្រស់ស្អាត និងផាសុកភាព និងគម្រោងសាងសង់ផែកុងតេន័រថ្មីមួយប្រវែង៣៥០ម៉ែត្រ និងជម្រៅ១៤,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យប្រភេទនាវាធំៗ៩៣ភាគរយលើពិភពលោកអាចប្រើប្រាស់សេវាកំពង់ផែនេះបាន ពេលសាងសង់ចប់។
លោកបានគូសបញ្ជាក់ពីគម្រោងសម្រេចបាន និងកំពុងបន្តសំខាន់ៗដែលរួមមាន ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ យុទ្ធនាការជិះកង់មើលផ្លូវ គម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ពីខេត្តសៀមរាបទៅប៉ោយប៉ែត ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៥៥ពោធិ៍សាត់ទៅថ្មដា ផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្លូវពីបាត់ដំបង ទៅកោះកុងប្រវែង១៩៧គីឡូម៉ែត្រ ដែលគ្រោងបើកការដ្ឋាននៅឆ្នាំនេះ។






