ក្រុមប្រតិភូធុរកិច្ចចិនបាននិងកំពុងបង្ហាញចំណាប់អារម្មណ៍ វិនិយោគនៅកម្ពុជា

0

        ដោយៈ និស្ស័យ

        ភ្នំពេញៈ កម្ពុជា​បានបង្ហាញ​សុ​ទិដ្ឋិ​និយម​ថា ​នឹង​ទទួលបាន​កំនើន​ការវិនិយោគ​ផ្ទាល់ ឬ​ការចូល​ហ៊ុន​ជាមួយ​សហគ្រាស ​នៅក្នុង​ស្រុក ​ពី​សំណាក់​វិនិយោគិន​ចិន​កាន់តែច្រើន ខណៈ​វិនិយោគិន​មកពី​វិស័យ​ជាច្រើន ​បានបង្ហាញ​ការចាប់អារម្មណ៍ ​ចំពោះ​សក្តា​នុ​ពល​វិនិយោគ​នៅ​កម្ពុជា​។​

ការបង្ហាញ​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ចិន​នេះ គឺ​បាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ កាលពី​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ ២០២៣ ក្នុង​ជំនួប​រវាង​លោកជា វុទ្ធី អគ្គ​​លេខា​ធិការ​រង​ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា ជាមួយនឹង​លោក Xu Shiwen ប្រធាន​សហព័ន្ធ​សហគ្រាស​ប្រចាំ​ទីក្រុង​ហ្វូ​ចូ​វ នៃ​ខេត្ត​ហ្វូ​ជៀន ដែល​បាន​ដឹក​នាំ​គណៈប្រតិភូ​សហគ្រិន ​ក្នុង​វិស័យ​រ៉ែ និង​ថាមពល​ កម្ម​ន្ត​សាល​ ម៉ាស៊ីនកម្តៅ ម៉ាស៊ីន​ត្រ​ជាក់​ ទេសចរណ៍​ និង​ស​ណ្ឋា​គារ មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា​នាពេល​កន្លងមក​។​

លោក ជា វុទ្ធី បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ចិន​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ ដោយផ្ទាល់​នៅក្នុង​គោលបំណង​សិក្សា​ស្វែង​​យល់​អំពី​បច្ចុប្បន្នភាព​នៃ​ច្បាប់ និង​បទ​​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ ព្រមទាំង​កាលានុវត្តភាព និង​បរិយាកាស​វិ​និ​យោគ​នៅ​កម្ពុជា​។

លោក​បន្តថា “កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល ​លើ​កា​រវិ​និ​យោគ​លើ​វិស័យ​ជាច្រើន ដែល​នេះ​គឺជា​ឱកាស​សម្រាប់​វិនិយោគិន​ក្នុងការ​ដាក់ទុន​វិនិយោគ ​ដើម្បី​ទទួលបាន​ចំណេញ​បន្ថែម​ ពីលើ​កិច្ច​សម្រួ​ល និង​ការលើកទឹកចិត្ត​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល”​។​

លោកជា វុទ្ឋីបានបញ្ជាក់ទៀតថា “​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិនិយោគិន និង​ធុរជន​ ដែល​អញ្ជើញ​មក​សិក្សា​នាឱកាស​នេះ​ នឹង​ទាញយក​ប្រយោជន៍​ជា​អតិបរមា ​ពី​ការវិនិយោគ​លើ​វិស័យ​ដែល​កម្ពុជា​កំពុងមាន​សក្តា​នុ​ពល តាមរយៈ​រូបភាព​វិនិយោគ​ដោយផ្ទាល់ ឬ​ដោយ​ចូល​ហ៊ុន​ជាមួយ​សហ​គ្រាស​ក្នុងស្រុក ឬ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ផ្នែក​ឯកជន ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​”​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន បាន​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ចាប់តាំងពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។ ចរន្ត​ការនាំចេញ​កសិផល​ទៅ​ប្រទេស​ចិន នឹង​កើនឡើង​ទៀត​នៅពេល​ខាងមុខ​។

លោក​បាន​បន្តថា “ចំនួន​គម្រោង​វិនិយោគ និង​ទុនវិនិយោគ​ពី​សំណាក់​វិនិយោគិន​នៅ​ប្រទេស​កម្ពុជា ​ក៏មាន​ច្រើន​ផងដែរ​នាពេលនេះ​”។​លោកបន្ថែមថា “​ក្រុមហ៊ុន​ចិន​ជាច្រើន​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​”​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here