ដោយៈ គង់ សូរិយា
កណ្តាលៈ ក្រុមអ្នកជំនាញបាននិយាយថា តម្លៃដីនៅទូទាំងប្រទេសបានធ្លាក់ចុះ រួមទាំងដីស្ថិតនៅតាមបណ្តោយផ្លូវលេខ៤១ និងផ្កូវ៥១ផងដែរ ប៉ុន្តែតំបន់នេះមានក្តីសង្ឃឹមសម្រាប់អនាគត។
ក្រុមអ្នកជំនាញអចលនទ្រព្យឯករាជ្យបានលើកឡើងថា ស្ថានភាពទីផ្សារ នៅតែមានសភាពស្ងប់ស្ងាត់នៅឡើយ ដោយសារវិបត្តិសេដ្ឋកិច្ចជាច្រើនឆ្នាំមកនេះ។ ទីផ្សារបានជាប់គាំងនៅក្នុងវិស័យនេះ ប៉ុន្តែវានៅតែមានសង្ឃឹមសម្រាប់អនាគត។
លោកប៊ុនហ៊ួត ប្រធានក្រុមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកមួយរូបដែលបានលក់ដី និងបុរីនៅតំបន់នេះ បានលើកឡើងឲ្យដឹងកាលពី ដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារពិតជាលំបាក សម្រាប់ដីធ្លី ក៏ដូចជាទីផ្សារលំនៅដ្ឋាន។លោកបន្តថា “អ្វីៗមិនទាន់មានសញ្ញាប្រសើរនៅឡើយទេ ប៉ុន្តែយើងនៅតែមានក្តីសង្ឃឹមនាពេលអនាគត”។
អ្នកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានបដិសេធមិនអត្ថាធិប្បាយ ប៉ុន្តែអ្នកស្រីបានលើកឡើងកាលពីសប្តាហ៍មុនថា នៅតែមានតម្រូវការ សម្រាប់អ្នកលក់អចលនទ្រព្យតម្លៃក្រោមទីផ្សារ ដែលអ្នកវិនិយោគទិញដីដើម្បីសាងសង់ផ្ទះ ឃ្លាំង រោងចក្រ ភោជនីយដ្ឋានជាដើម។
អ្នកស្រីបានបន្តថា “អ្នកទិញបច្ចុប្បន្ន មានគោលបំណងច្បាស់លាស់ មិនសូវមានអ្នកទិញដី សម្រាប់ទុកយកចំណេញច្រើនដូចមុននោះទេ”។
អ្នកវិនិយោគមួយរូបបានលើកឡើង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នដីនៅតាមបណ្តោយផ្លូវលេខ៤១ និង៥១ បានធ្លាក់ចុះក្នុងរង្វង់៥០ភាគរយ ប៉ុន្តែតម្លៃនេះអាចដាំក្បាលចុះ តទៅទៀតនៅដើមឆ្នាំ២០២២៤ខាងមុខ ដែលវាជាពេលវេលាដ៏ល្អ សម្រាប់ការប្រមូលទិញនៅឆ្នាំ២០២៤។
លោកបន្តថា ស្ថានភាពទីផ្សារនៅតែមានឱកាសរីកចម្រើន ប៉ុន្តែតម្លៃដីនឹងធ្លាក់ចុះបន្ថែមទៀត”។សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលបានតាមដានដំណើរវិវត្តន៍ ក្នុងវិស័យនេះបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពនេះ ពិភពលោកក៏ដូចជាកម្ពុជាកំពុងរងវិបត្តិនៅឡើយ ដោយស្ទើរគ្រប់អាជីវកម្មបានរងផលប៉ះពាល់ ហេតុនេះការរំពឹងពីការងើបឡើង នៃវិស័យអចលនវត្ថុ ត្រូវការរយៈពេលបន្ថែមទៀត។
លោកបន្តថា យ៉ាងណាក៏ដោយ តំបន់ជាប់ផ្លូវលេខ៤១ ផ្លូវលេខ៥១ នៅមានឱកាសរីកចម្រើនបន្ត ដោយសារកត្តាទីតាំងភូមិសាស្រ្ត ប្រជាសាស្រ្ត គោលនយោបាយរបស់រដ្ឋាភិបាល និងជាតំបន់ដែលមានបណ្តាញផ្លូវយ៉ាងច្រើន តភ្ជាប់ទៅកាន់កំពង់ផែក្រុងព្រះសីហនុ និងខេត្តជាប់តំបន់ឆ្នេរនានា៕