សភាពាណិជ្ជកម្មថៃស្នើផែនការ៣ចំណុចដល់រដ្ឋាភិបាលថ្មី ដើម្បីយកជាអាទិភាពក្នុងរយៈពេល១០០ថ្ងៃដំបូង

0

ដោយ: គង់ លាងហួរ

បាងកក: កាលពីថ្ងៃពុធ ប្រធានសភាពាណិជ្ជកម្មថៃបានជំរុញឱ្យរដ្ឋាភិបាលថ្មីធ្វើការជាបន្ទាន់ ដើម្បីជំរុញសេដ្ឋកិច្ច និងទេសចរណ៍ឱ្យស្ទុះងើបឡើងវិញ ជាមួយនឹងការដាក់ចេញវិធានការជំរុញ និងតាមរយៈការពន្លឿនការបញ្ចេញកញ្ចប់ថវិកា។

លោក Sanan Angubolkul ប្រធានសភាបានមានប្រសាសន៍ថា វិស័យឯកជនស្នើឱ្យរដ្ឋាភិបាលថ្មីរបស់លោក ស្រេតថា ថាវីស៊ីន  ផ្តល់អាទិភាពដល់សកម្មភាពចំនួន៣ ក្នុងអំឡុងពេល១០០ថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់ខ្លួន ដូចជា ទី១: ផ្តល់កញ្ចប់ជំរុញទឹកចិត្ត ដើម្បីកាត់បន្ថយថ្លៃចំណាយ នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងថ្លៃចំណាយផលិតកម្មសម្រាប់វិស័យឯកជន តាមរយៈការបញ្ចុះថ្លៃប្រេង និងថ្លៃអគ្គិសនី។

លោក Sanan បានបញ្ជាក់ថា តម្លៃប្រេងខ្ពស់ និងវិក្កយបត្រថាមពល កំពុងប៉ះពាល់ដល់លទ្ធភាព ប្រកួតប្រជែងរបស់ក្រុមហ៊ុននាំចេញថៃ។

ទី២: វិស័យទេសចរណ៍ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចថៃ ក្នុងអំឡុងត្រីមាសចុងក្រោយ ដែលជារដូវកាលមានភ្ញៀវទេសចរហូរចូលច្រើនសម្រាប់ប្រទេសថៃ។

ដូច្នេះរដ្ឋាភិបាលថ្មី ត្រូវតែសម្របសម្រួលជាបន្ទាន់ ក្នុងការចេញទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ធ្វើឱ្យវាកាន់តែមានភាពងាយស្រួល និងត្រូវជំរុញឱ្យមានជើងហោះហើរបន្ថែមទៀត ដើម្បីទប់ទល់នឹងការកើនឡើងនៃតម្រូវការភ្ញៀវទេសចរបរទេស។

ទី៣: រដ្ឋាភិបាលថ្មីត្រូវតែពន្លឿនការបញ្ចេញថវិកា។
លោក Sanan បានលើកឡើងថា រដ្ឋាភិបាលថ្មីក៏គួរតែពន្លឿនការអនុម័តច្បាប់ថវិកា សម្រាប់សារពើពន្ធឆ្នាំ២០២៤ ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូន និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគបរទេស។

លោក Sanan បានបញ្ជាក់ថា នៅពេលដែលវិនិយោគិនបរទេ​សមានទំនុកចិត្តឡើងវិញ ទៅលើរដ្ឋាភិបាលថ្មី ការវិនិយោគបរទេសជាច្រើននឹងហូរត្រឡប់មកវិញ ដែលនាំទៅរកការបង្កើតការងារបានកាន់តែច្រើន និងជំរុញតួលេខសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសជាតិ។

លោក Sanan បានបន្ថែមថា សភាពាណិជ្ជកម្មមានទំនុកចិត្តថា ប្រសិនបើរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ស្រេតថា ថាវីស៊ីន ទទួលយកសំណើទាំង៣នេះ ហើយផ្តោតលើការជំរុញសេដ្ឋកិច្ច នោះកំណើនសេដ្ឋកិច្ចថៃ នឹងអាចសម្រេចបានគោលដៅដើម ក្នុងរង្វង់៣%ជាក់ជាមិនខាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here