ដំណឹងល្អៈ ក្រុមហ៊ុនANAជប៉ុនគ្រោងហោះហើរត្រង់មកកាន់ កម្ពុជាឡើងវិញឆាប់ៗនេះ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនអាកាសចេរណ៍ANA Airway នឹងធ្វើការហោះហើរត្រង់មកកាន់កម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានថ្លែងបែបនេះ ក្នុងជំនូបជាមួយលោកស្រី រីហ្សា​ ធីស៊ូបាគិ តំណាងប្រចាំតំបន់អាស៊ីនិងអូសេអានី នៃក្រុមហ៊ុនANA Airwayកាលពីម្សិលម៉ិញនេះ។ លោកបានស្នើឲ្យក្រុមហ៊ុននេះ ចាប់ផ្តើមជើងហោះហើរមកកាន់កម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះ បានផ្អាកការហោះហើរមកកាន់កម្ពុជានៅអំឡុងវិបត្តិជំងឺកូវីដ១៩។ លោកម៉ៅ ហាវណ្ណាល់បានបញ្ជាក់ថា “ក្រុមហ៊ុនANA នឹងចាប់ផ្តើមបើកជើងហោះហើរត្រង់ មកកម្ពុជានាពេលឆាប់ៗខាងមុខនេះ”។

ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៣នេះ វិស័យអាកាសចរណ៍សម្រេចបានកំណើន២១៨ភាគរយ និងមានអ្នកដំណើរ២,៩លាននាក់ ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ អន្តរជាតិធ្វើការហោះហើរមកកាន់កម្ពុជាចំនួន៣១ក្រុមហ៊ុន។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងកាលពីពេលកន្លងមកថា ទំនាក់ទំនងកម្ពុជា បានឈានដល់កម្រិតស៊ីជម្រៅ និងប្រវត្តិសាស្រ្ត បន្ទាប់ពីការហោះហើរត្រង់ របស់ក្រុមហ៊ុនANA មកកាន់កម្ពុជា ស្រប ពេលអ្នកវិនិយោគជប៉ុន បានបោះមូលដ្ឋានសម្រាប់វិនិយោគ រយៈពេលវែងនៅកម្ពុជារួចហើយ។

លោកបន្តថា “អ្នកវិនិយោគជប៉ុនបានសាងសង់ខុនដូ អាផាតម៉ិន មន្ទីរពេទ្យ ទីលានវាយកូនហ្គោល សណ្ឋាគារ ផ្សារទំនើបជាដើម ដែលការវិនិយោគទាំងនេះឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់អ្នកធុរកិច្ចជប៉ុនក្នុងការវិនិយោគនៅកម្ពុជារយៈពេលវែង”។

ទោះជាយ៉ាងណាលោកបណ្ឌិតម៉ី កល្យាណបានបញ្ជាក់ថា អ្នកវិនិយោគនិមួយៗ ពួកគេតែងតែគិតពីផលចំណេញត្រលប់ ប្រសិនជាពួកគេរកមិនឃើញ ពីផលចំណេញត្រលប់នោះទេ ពួកគេនឹងមិនវិនិយោគនៅប្រទេសនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here