តើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជាក្រោយប្រកាសរយៈពេល១០ឆ្នាំ?

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: អ្នកសិក្សាកម្ពុជាមួយរូប បានលើកឡើងនៅថ្ងៃព្រហ​ស្បតិ៍នេះថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់របស់កម្ពុជា ដែលជាធាតុផ្សំសំខាន់ សម្រាប់គាំទ្រដល់ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើម BRI ប្រទេសចិនបានគាំទ្រគម្រោងធំៗ មួយចំនួននៅក្នុងប្រទេសកម្ពុជា ដូចជាផ្លូវជាតិ ស្ពានឆ្លងកាត់ទន្លេ ផ្លូវល្បឿនលឿន រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះ កំពង់ផែ និងពហុកីឡដ្ឋានមរតកតេជោ។

នេះបើយោងតាមបទសម្ភាសន៍ របស់សារពត៌មាន Xinhua ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍  ទី៣១ ខែសីហា។
លោកបានប្រាប់សារពត៌មានចិន Xinhua ថា គម្រោងខ្នាតធំទាំងនេះ បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ការតភ្ជាប់ ការធានានូវប្រភពផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព ការលើកកម្ពស់ ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការធ្វើពិពិធកម្មប្រភពនៃកំណើន និងកាត់បន្ថយការចំណាយលើភស្តុភារក្នុងប្រទេសកម្ពុជា។

លោក គិន ភា បានបន្តថា តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលជាគម្រោងលេចធ្លោមួយនៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើម BRI បានបង្កើតការងាររាប់ម៉ឺន កន្លែងសម្រាប់អ្នកក្នុងស្រុក និងបានរួមចំណែក ក្នុងការជំរុញកំណើននៃការនាំចេញរបស់កម្ពុជា។

អ្នកសិក្សារូបនេះបាន​បញ្ជាក់ទៀតថា​ “ចាប់​តាំង​ពី​គម្រោង​កិច្ច​សហប្រតិបត្តិការ ​ក្រោមគំនិតផ្តួចផ្តើម BRI ត្រូវ​បាន​ដាក់​ដំណើរការ​កាលពី​មួយ​ទសវត្សរ៍​មុន កម្រិតទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​កម្ពុជា និង​ចិន​បាន​ឈាន​ឡើងដល់​កំពស់ថ្មី​”។

លោកបន្ថែមថា “BRI រួមជាមួយភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) នឹងជួយឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបណ្ឌិតគិន ភា បានអះអាងថា BRI បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រទេសដែលចូលរួមទាំងអស់ ហើយវាបានក្លាយទៅជាយុទ្ធសាស្ត្ររយៈពេលវែងមួយ ដើម្បីលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ សេដ្ឋកិច្ច ការវិនិយោគ ហិរញ្ញវត្ថុ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លោកបានមានប្រសាសន៍ទៀតថា “BRI គឺជាអ្នកបង្កើតសណ្តា​ប់ធ្នាប់ពិភពលោកថ្មី ប្រកបដោយប្រសិទ្ធភាព ហើយវាគឺជាកម្លាំងសកលថ្មីមួយនៃសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍន៍ វិបុលភាព និងភាពសុខដុមរមនា”។

បណ្ឌិតរូបនេះបានបន្ថែមថា BRI ត្រូវបានគេមើលឃើញថា ជាគំនិតផ្តួចផ្តើមសកល ដែលនឹងកសាងផ្លូវសូត្រ នៃសន្តិភាពឆ្ពោះទៅរកសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលមានភាពរស់រវើក បើកចំហរ ស្ថិរភាព និងនិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here