វិបត្តិអចលនទ្រព្យនៅប្រទេសចិនអាចបង្កការខាតបង់ឥណទានប្រមាណ២៦១ពាន់លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមធនាគារវិនិយោគអាមេរិក Goldman Sachs បានឱ្យដឹងថា បណ្តាធនាគារចិន ដែលជាប្រភពផ្តល់ហិរញ្ញប្បទានដ៏ធំបំផុតដល់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់ប្រទេសចិន នឹងជួបការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារការដាំក្បាលចុះនៃឧស្សាហកម្មនេះ។

ធនាគារវិនិយោគអាមេរិកបានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា វិស័យធនាគារគ្របដណ្តប់ចំណែក៧៥ភាគរយនៃបំណុល ដែលជំពាក់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យសរុបចំនួន១៩,៣ពាន់ពាន់លានយ័ន (២,៦៥ពាន់ពាន់លានដុល្លារ) នៅចុងខែមិថុនា ឆ្នាំ២០២២។

ចំណែក ក្រុមហ៊ុនបរធនបាលកិច្ច(Trust firms) និងក្រុមហ៊ុនធានារ៉ាប់រងបានកាន់កាប់ចំណែក១៦ភាគរយ និង៦ភាគរយរៀងៗគ្នា ខណៈឈ្មួញកណ្តាល និងអ្នកវិនិយោគកាន់កាប់ចំណែកដែលនៅសេសសល់ផ្សេងទៀត។

ក្រុមអ្នកវិភាគប្រចាំធនាគារ Goldman Sachs បានលើកឡើងថា វិបត្តិនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនអាចបង្កឱ្យមានការបាត់បង់ឥណទានចំនួន១,៩ពាន់ពាន់លានយ័ន(ប្រហែល២៦១,២៧ពាន់លានដុល្លារ)។

ជាក់ស្តែង ធនាគារ​អាច​ទទួល​រង​ការ​ខាត​បង់​ចំនួន១,២ពាន់​ពាន់​លាន​យ័ន ឬស្មើនឹង៦១ភាគរយ​នៃ​ការ​ខាត​បង់សរុប ខណៈ​ក្រុម​ហ៊ុន​បរធនបាលកិច្ចអាចទទួលការខាតបង់២៨ភាគរយ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង៥ភាគរយ។

ធនាគារវិនិយោគអាមេរិកខ្នាតធំនេះបានអះអាងទៀតថា “ហានិភ័យឥណទានត្រូវបានប្រមូលផ្តុំនៅក្នុងបំណុលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ហើយវាវិវឌ្ឍកាន់តែធ្ងន់ធ្ងរឡើង ដោយសារកម្រិតទាបនៃសកម្មភាពលំនៅដ្ឋាន ខណៈការលក់ Presale គឺជាប្រភពមូលនិធិដ៏សំខាន់សម្រាប់អ្នកអភិវឌ្ឍន៍”។

ធនាគារ Goldman Sachs បន្ថែមថា រាល់កិច្ចខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយចំពោះបំណុលអ្នកអភិវឌ្ឍន៍ នឹងមានផលប៉ះពាល់នៅទូទាំងធនាគារចិន និងក្រុមហ៊ុនបរធនបាលកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here