ដោយ: គង់ លាងហួរ
ប៉េកាំង: មន្ត្រីចិនមួយរូបលើកឡើងថា សេដ្ឋកិច្ចចិននឹងរក្សាបានស្ថិរភាព និងនិន្នាការវិជ្ជមានរបស់ខ្លួន នៅក្នុងឆមាសទី២ នៃឆ្នាំនេះ បន្ទាប់ពីមានការស្ទុះងើបឡើងវិញ ប្រកបដោយនិរន្តរភាពក្នុងអំឡុងខែមករា ដល់ខែមិថុនា។
ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ លោក Yuan Da មកពីគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC) បានលើកឡើងពីការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសូចនាករសេដ្ឋកិច្ចផ្សេងៗសម្រាប់ខែកក្កដា ដូចជាកំណើនដ៏លឿនជាងមុន លើការផលិតថាមពល ការរំពឹងទុករបស់ទីផ្សារប្រសើរឡើង និងការកើនឡើងនៃសន្ទស្សន៍គ្រប់គ្រងការទិញផលិតកម្ម(manufacturing purchasing managers’ index)។
ប្រទេសចិនបានចាត់វិធានការសំខាន់ៗ ដើម្បីពង្រីក និងពង្រឹងគោលនយោបាយអំណោយផល សម្រាប់សហគ្រាសនានា ក្នុងឆ្នាំនេះ។ វិធានការទាំងនោះ រួមមានចាប់តាំងពីការបន្ធូរបន្ថយពន្ធសម្រាប់ក្រុមហ៊ុនតូចៗ រហូតដល់ការលើកលែងពន្ធទិញ សម្រាប់រថយន្តថាមពលថ្មី ដូច្នេះវាអាចបង្កើតបរិយាកាស គោលនយោបាយដែលមានស្ថិរភាព និងបង្កើនទំនុកចិត្តលើអាជីវកម្ម។
នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានរដ្ឋចិន Xinhua កាលពីពេលថ្មីៗកន្លងមកនេះ។
វិធានការថ្មីមួយចំនួន ក៏ត្រូវបានដាក់ចេញផងដែរ រួមមានដូចជា ជំនួយហិរញ្ញប្បទាន សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ការលើកទឹកចិត្តសម្រាប់ការប្រើប្រាស់រថយន្ត និងឧបករណ៍អេឡិចត្រូនិក ព្រមទាំងវិធានការជំរុញសេដ្ឋកិច្ចឯកជន។
លោក Yuan បានអះអាងថា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរខាងផ្នែកសេដ្ឋកិច្ចថ្មី នៅក្នុងត្រីមាសទីពីរ វិធានការមួយចំនួនផ្សេងទៀត កំពុងត្រូវបានដាក់ឱ្យចូលជាធរមាន ឱ្យបានទាន់ពេលវេលា ដើម្បីផ្តល់នូវការគាំទ្រគោលនយោបាយដ៏រឹងមាំ សម្រាប់ពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច។
ជាពិសេស កិច្ចខិតខំប្រឹងប្រែង នឹងត្រូវបានធ្វើឡើង ដើម្បីជំរុញការទិញរថយន្ត និងការវិនិយោគឯកជន ក៏ដូចជាការខិតខំបំពេញតម្រូវការលំនៅដ្ឋានរបស់អ្នកស្រុកផងដែរ។ ចំណែក ក្រុមហ៊ុនខ្នាតតូចៗ នឹងទទួលបានការគាំទ្រផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុកាន់តែច្រើន ហើយការធ្វើឱ្យប្រសើរឡើង ខាងផ្នែកឧស្សាហកម្មនឹងត្រូវបានពន្លឿន។
លើសពីនេះ និស្សិតដែលបានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យថ្មីៗ និងក្រុមអ្នកស្វែងរកការងារសំខាន់ៗ នឹងត្រូវបានផ្តល់ជំនួយបន្ថែមទៀត ហើយបណ្តាញសន្តិសុខសង្គមនឹងត្រូវបានពង្រឹង។
លោក Yuan បានបន្ថែមទៀតថាហានិភ័យ បូករួមទាំងបញ្ហានានាក្នុងវិស័យអចលនទ្រព្យ បំណុលរដ្ឋបាលក្នុងតំបន់ និងវិស័យហិរញ្ញវត្ថុ នឹងត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
ទោះជាយ៉ាងនេះក្តី យោងតាមការចុះផ្សាយសារពត៌មាន CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីដំណាច់ខែឧសភាកន្លងទៅបានឱ្យដឹងថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានបាត់បង់ថាមពល ខណៈផលិតកម្មរោងចក្រដាំក្បាលចុះ។
ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗនេះ សារពត៌មានអង់គ្លេស Reuters បានរាយការណ៍ថា ប្រទេសចិនបានធ្លាក់ចូល ទៅក្នុងវិបត្តិបរិត្តផរណា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានធ្លាក់ចុះ០,៣% នៅក្នុងខែកក្កដាធៀបនឹងឆ្នាំមុន។
ទន្ទឹមគ្នានេះ សារពត៌មាន CNA ក៏ធ្លាប់បានចុះផ្សាយផងដែរថា ការដាំក្បាលនៃទីផ្សារអចលនទ្រព្យ រួមទាំងការថយចុះនៃតម្រូវការទាំងក្នុង និងក្រៅប្រទេស បានជះផលប៉ះពាល់ខ្លាំង ទៅលើសេដ្ឋកិច្ចចិន។
សារព័ត៌មានធំៗជាច្រើន នៅលើពិភពលោក កាន់តែពិបាកក្នុងការផ្ទៀងផ្ទាត់ពីស្ថានភាពពិត ដោយសារពួកគេមាននិន្នាការនយោបាយនៅក្នុងបទវិភាគ និងសំណេររបស់ខ្លួន។ នេះបើតាមការអះអាងរបស់លោកយិន លាងគង់សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតាមដានស្ថានភាព និងការវិវត្តក្នុងវិស័យសារគមនាគមន៍ អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ៕