ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ បណ្តាមេដឹកនាំនៃស្ថាប័នពាក់ព័ន្ឋ ក្នុងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គបាននិងកំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឲ្យកាន់តែមានភាពល្អប្រសើរឡើង។
អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ែន បូរាណ បានចូលរួមក្នុងវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តការប្រមូលផលដំបូង នៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ មហាអនុតំបន់មេគង្គ (Early Harvest Implementation of GMS-CBTA) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ។
កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS CBTA) គឺជាកិច្ចព្រមព្រៀងមួយ សម្រាប់សម្របសម្រួលការដឹកជញ្ជូនទាំងទំនិញ និងអ្នកដំណើរបណ្តា ប្រទេសជាសមាជិកចំនួន៦រួមមាន ប្រទេសកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម ដែលបានចុះហត្ថលេខា ក្នុងខែមេសា ឆ្នាំ២០០៤ និងបានចូលជាធរមានក្នុងអំឡុងឆ្នាំ២០១៥ ក្រោយពីប្រទេសជាសមាជិកទាំង៦ បានផ្តល់សច្ចាប័នរួចមក។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ ជំរុញការអនុវត្ត និងបង្កើនប្រសិទ្ធភាពកិច្ចការសមាហរណកម្មក្នុងមហាអនុតំបន់ ក៏ដូចជាសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ទាំងទំនិញ និងអ្នកដំណើរឱ្យមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកាច្រើនផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបែន បូរាណបានជំរុញឲ្យអង្គសិក្ខាកាមទាំងអស់ជជែក ពិភាក្សាឲ្យបានផុលផុស ដើម្បីយល់ជ្រាបច្បាស់ ងាយស្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ ប្រកបដោយភាពរលូន និងប្រសិទ្ធភាព៕