ដោយគង់ សូរិយា
ភ្នំពេញ៖ សេដ្ឋវិទូបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ប្រសិនជាអឺរ៉ុបដកប្រព័ន្ឋអនុគ្រោះពន្ឋពីកម្ពុជា កម្ពុជាអាចរងផលប៉ះពាល់ ប៉ុន្តែវាក៏ជាពេលដែលកម្ពុជាត្រូវផ្លាស់ប្តូរផ្នត់គំនិត ពីការពឹងផ្អែកលើគេខ្លាំងពេក និងត្រូវខិតខំប្រឹងខ្លួនឯង។
លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១២ កុម្ភៈនេះថា រឿង EBA មិនមែនជារឿងថ្មីទេ ហើយបញ្ហាសេដ្ឋកិច្ចវាពាក់ព័ន្ឋនយោបាយ កាទូត ហេតុនេះការដែលគេដក EBA យើង មកពីយើងមានបញ្ហាហើយ តែការដកEBAពិតជាកើតមាន គ្រាន់តែមុននិងក្រោយ ដូច្នេះយើងត្រូវតែពឹងផ្អែកខ្លួនឯង និងធ្វើពិពិធកម្មសេដ្ឋកិច្ច របស់យើង។
លោកបន្តថា “រដ្ឋាភិបាលបានដឹងពីរឿងនេះយូរហើយ ហេតុនេះយើងត្រូវតែពឹងខ្លួនឯង ទោះជាសាកលភាវូបនីយកម្មត្រូវពឹងគ្នាទៅវិញទៅមកក្តី ក៏យើងត្រូវតែប្រឹងដែរ និងមិនត្រូវពឹងផ្អែកលើគេពេកទេ ទាំងជំនួយឥតសំណង ក៏ដូចជា EBA” ។លោកបន្តថា “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការកែទម្រង់ហើយ ការកែទម្រង់ពិតជាធ្វើឲ្យមានការឈឺចាប់ តែយើងត្រូវតែធ្វើ”។
លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ការលុបចោលស្ថាប័នមួយចំនួនកាលពីពេលថ្មីៗនេះ ជារឿងរយៈពេលខ្លី តែបញ្ហាចំពោះមុខគឺយើងត្រូវធ្វើការងារសំរាប់រយៈពេលវែងនៅក្នុងសេដ្ឋកិច្ចរបស់យើង។ សេដ្ឋកិច្ចរបស់យើងត្រូវតែធ្វើពិពិធកម្ម និងត្រូវតែដោះស្រាយបញ្ហាប្រឈមទាក់ទងផ្លូវ តម្លៃអគ្គិសនី ធនធានមនុស្សដែលជាបញ្ហាជាយូរមកហើយ៕