រដ្ឋាភិបាលចេញអនុក្រឹត្យលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ

0

ដោយ វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ លើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រត្រូវបានអនុម័ត ដែលជាការ​លើក​​ទឹកចិត្តពន្ធដារ និងសហគ្រាស បោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជា​សាធារណៈលើកដំបូង។

អនុក្រឹត្យនេះបានលើកទឹកចិត្តក្រុមហ៊ុន/សហគ្រាសអាចទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូលចំនួន ៥០ភាគរយ នៃពន្ធប្រាក់ចំណូលក្នុងរយៈកាលនៃការលើក ៣ឆ្នាំដំបូង។

យោងតាមអនុក្រឹត្យលេខ ២៤ អនក្រ បក ចុះហត្ថលេខាដោយសម្តេចតេជោនាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​កាលពីថ្ងៃទី៤ ​មករា ឆ្នាំ២០១៩នេះបានឲ្យដឹងថា អនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ និង​បទប្បញ្ញត្តិពាក់ព័ន្ធថ្មីៗដែលរួមមានដូចជា៖ (១) អនុក្រឹត្យស្តីពីបុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រ (២)ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម (៣) ប្រកា​សស្តីពីការផ្តល់ការអនុញ្ញាត ដល់​ក្រុមហ៊ុនចែកចាយលក់មូលបត្រ និងភ្នាក់ងារចែកចាយលក់មូលបត្រ (៤) ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណ និងការ​គ្រប់គ្រងអាជីវកម្មមូលបត្រ (៥) ប្រកាសស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ការជូនដំណឹង និងការស្នើសុំការអនុញ្ញាត​របស់​ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនទីប្រឹក្សាវិនិយោគ។

អនុក្រឹត្យថ្មីនេះ ក៏បានរួមបញ្ចូលទាំងការអនុគ្រោះ ទៅលើបំណុលពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក អាករលើតម្លៃបន្ថែម អាករពិសេសលើទំនិញ និងសេវាកម្មមួយចំនួន អាករស្នាក់នៅ និងអាករបំភ្លឺផ្លូវ។ ជាពិសេស វិនិយោគិន ក៏បានទទួល​នូវការកាត់បន្ថយពន្ធកាត់ទុក ៥០ភាគរយ លើការប្រាក់ និងភាគលាភផងដែរ ចំពោះការវិនិយោគលើមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិនៅប្រទេសកម្ពុជា។

ការបោះផ្សាយលក់មូលបត្រជាសាធារណៈ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុន និងសហគ្រាសដូចជា ការទទួល​បាន​ដើមទុនដើម្បីពង្រីកអាជីវកម្ម ការពង្រឹងសមត្ថភាពប្រកួតប្រជែង ការទទួលស្គាល់ជាសាធារណៈ ការកែលម្អលក្ខខណ្ឌ​ហិរញ្ញវត្ថុ​របស់ក្រុមហ៊ុន, ការពង្រឹងអភិបាលកិច្ចអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here