ដោយ គង់ សូរិយា
ភ្នំពេញ៖ ផលទុនជាតិសរុប (GDP) របស់កម្ពុជានៅក្នុងឆ្នាំ២០១៩នេះ នឹងកើនឡើងដល់ជាង២៧ពាន់លានដុល្លារអាមេរិក ខណៈចំណូលសម្រាប់មនុស្សម្នាក់ៗរំពឹងថា នឹងកើនឡើងដល់១,៧០៦ដុល្លារ ធៀបនឹងឆ្នាំ២០១៨ មានចំនួន១,៥៦៣ដុល្លារ។នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល។
លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី មជ្ឈត្តការពាណិជ្ជកម្មនៅកម្ពុជានៅព្រឹកថ្ងៃទី១៣ កុម្ភះថា កំនើនដែលត្រូវបានរំពឹងទុកនេះ ផ្តោតសំខាន់លើវិស័យសំខាន់ៗចំនួន៣ ដូចជាទី១ កំណើននៃវិស័យឧស្សាហកម្ម ទី២ វិស័យសេវាកម្ម និងទី៣ វិស័យកសិកម្ម។
លោកបន្តថា ទន្ទឹមនឹងមានការរីកចម្រើននៃសេដ្ឋកិច្ចជាតិ វិវាទពាណិជ្ជកម្មក៏បានកើនឡើងដែរ។ ដូច្នេះការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលខាងលើ ពិតជាមានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់យន្តការមជ្ឈត្តការពាណិជ្ជកម្ម ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មបានកំពុងកើនឡើង។






