ដោយៈ ជេស៊ីកា
ភ្នំពេញៈ គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៤២ ជាមួយទុន ១៧៦៤,១៩លានដុល្លារ និងបានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន១៩៥,៥១៦កន្លែង។តួលេខនេះ បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំមុន មានការកើនឡើង៩គម្រោង។
យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១៤២ ក្នុងនោះ ខែមករាឆ្នាំ២០២៣ CDCបានអនុម័តគម្រោងវិនិយោគចំនួន១០ មានទុនចំនួន៩៩,៤លានដុល្លារ និងបានបង្កើតការការជូន ពលរដ្ឋចំនួន១៧,១២៩កន្លែង។
-->
ខែកម្ភៈ មានគម្រោងវិនិយោគចំនួន១៧ក្រុមហ៊ុន ជាមួយទុនវិនិយោគចំនួន៩៨,៨លានដុល្លារ ដោយផ្តល់ឱកាសការងារជូនដល់ ប្រជាពលរដ្ឋចំនួន២២៧៨៤កន្លែង។
ខែមីនាមានគម្រោងវិនិយោគចំនួន៧ មានទុនចំនួន៣៣,៧លានដុល្លារ ដោយផ្តល់ការងារជូន ប្រជាពលរដ្ឋចំនួន៦,៦៦៩កន្លែង។
ខែមេសា មានគម្រោងវិនិយោគចំនួន២០ក្រុមហ៊ុន ជាមួយទុនចំនួន២៤៧,៧លានដុល្លារ និងបានផ្តល់ការងារជូនដល់ពលរដ្ឋចំនួន១៧៧២៣កន្លែង។
ខែឧសភា មានគម្រោងវិនិយោគចំនួន១០ក្រុមហ៊ុន ជាមួយទុន ចំនួន៦០,១៤លានដុល្លារ ដោយផ្តល់ការងារជូនពលរដ្ឋចំនួន១៣៩៨៧កន្លែង។
ខែមិថុនា មានគម្រោងចំនួន៣០ ជាមួយទុនវិនិយោគចំនួន៤០៧,៦លានដុល្លារ ដោយផ្តល់ការងារជូន ពលរដ្ឋ៣៧,៧៨១នាក់ ។
ខែកក្កដា មានគម្រោងវិនិយោគចំនួន៩ ជាមួយទុនចំនួន៧៧លានដុល្លារ ដោយផ្តល់ការងារ ជូនពលរដ្ឋ១៧០២៩នាក់។
ខែសីហាអនុម័តចំនួន២៣គម្រោង មានទុនចំនួន៤៨៤,៨ លានដុល្លារ បង្កើតការងារបានចំនួន ៣៥,០៥០កន្លែង និងខែកញ្ញាអនុម័ត ចំនួន២៦ក្រុមហ៊ុន មានទុនចំនួន២៥៦,៤៥លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋ បានចំនួន២៧,៣៦៥កន្លែង។
ក្នុងចំណោមគម្រោងចំនួន១៤២ គម្រោងធំជាងគេគឺគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ នៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគ២៥៨លានដុល្លារ។ បន្ទាប់គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួលខេត្តក្រចេះ ដែលមានទុនប្រមាណ១៣៨លានដុល្លារ។
គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាមួយទុនវិនិយោគប្រមាណ៩៥លានដុល្លារ។គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ៩២,២លានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៤៦៤កន្លែងជាដើម៕