ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ ប្រទេសវៀតណាម បានសម្រេចផ្តល់ប្រព័ន្ឋអនុគ្រោះពន្ឋលើទំនិញកម្ពុជាចំនួន៣២បន្ទាត់ពន្ឋគយ និងទិញអង្ករពីកម្ពុជាចំនួន៣០ម៉ឺនតោន និងថ្នាំជក់ចំនួន៣ពាន់តោនផងដែរ។
ក្នុងជំនួនរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដូ វឹកហឹង (Do Quoc Hung) កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈកន្លងមកបានឲ្យដឹងថា ភាគីវៀតណាមបានស្វាគមន៍ សម្រាប់ការផ្តល់បដិសណ្ឋារកិច្ច និងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីវៀតណាមបានឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា០ភាគរយ សម្រាប់ទំនិញកម្ពុជាចំនួន៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់៣,០០០តោន នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០។ រីឯភាគីកម្ពុជាបានផ្តល់ភាពអនុគ្រោះពន្ធអត្រា០% (សូន្យភាគរយ) ដូចគ្នា ដល់ទំនិញវៀតណាមចំនួន២៦បន្ទាត់ពន្ធគយ។
លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ជំនួយឥតសំណង សម្រាប់សាងសង់ផ្សារដានៅក្នុងខេត្តត្បូងឃ្មុំ និងបានជម្រាបជូនលោក ដូ វឹកហឹង អំពីកិច្ចសហប្រតិបត្តិការប្រពៃណី ក្នុងនាមជាប្រទេសជិតខាងល្អ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងចរចា របស់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការសម្រេចបាននូវឯកសារ ស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្ម នៅតាមបន្ទាត់ព្រំដែន សម្រាប់ធ្វើការចុះហត្ថលេខា នៅក្នុងពេលឆាប់ៗខាងមុខ។
កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានគិតជាទឹកប្រាក់៣,៨ពាន់លានដុល្លារ គឺបានកើនឡើង២៩% ធៀបនឹងឆ្នាំ២០១៦។ ទន្ទឹមគ្នានេះ តាមរយៈគម្រោងវិនិយោគចំនួន២០៦គម្រោង ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣,២ពាន់លានដុល្លារ បានធ្វើឱ្យវៀតណាមក្លាយជាដៃគូវិនិយោគធំទី៥របស់កម្ពុជា ខណៈក្រុមហ៊ុនរបស់កម្ពុជា បានវិនិយោគត្រឹមតែ១៨គម្រោង នៅក្នុងប្រទេសវៀតណាម ដែលតម្លៃជាទឹកប្រាក់៥៨,១លានដុល្លារប៉ុណ្ណោះ៕