ដោយ: គង់ លាងហួរ
ភ្នំពេញ: តើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិននឹងអាចជះផលប៉ះពាល់យ៉ាងដូចម្តេច និងកម្រិតណាមកលើសេដ្ឋកិច្ចរបស់កម្ពុជា?
ដោយច្រានចោលការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចធំៗទាំងអស់ និងអ្នកវិភាគសេដ្ឋកិច្ចអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ដែលបង្កឡើងដោយវិបត្តិក្នុងវិស័យអចលនទ្រព្យ អ្នកជំនាញកម្ពុជាបានប្រាប់សារពត៌មានក្នុងស្រុកថា ទីក្រុងប៉េកាំងកំពុងជួបប្រទះបញ្ហាប្រឈមបណ្តោះអាសន្នមួយចំនួន ដែលអាចយកឈ្នះបាន តាមរយៈការដាក់ចេញយន្តការគោលនយោបាយសមស្រប។
អ្នកជំនាញក៏បានយល់ឃើញផងដែរថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះមកលើសេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលគោលដៅនាំចេញរបស់កម្ពុជា រួមជាមួយនឹងកញ្ចប់វិនិយោគផ្ទាល់ពីបរទេស (FDI) មានភាពចម្រុះ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តជំរុញម៉ាស៊ីនកំណើនសេដ្ឋកិច្ចពិភពលោក រួមជាមួយនឹងសហរដ្ឋអាមេរិក និងតួអង្គសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតនៅថ្ងៃខាងមុខ។
លោកបានបន្តថា “បញ្ហានៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្កឱ្យមានការជជែកវែកញែកក្នុងចំណោមអ្នកបង្កើតគោលនយោបាយក្នុងតំបន់អំពីរបៀបដោះស្រាយឱ្យបានកាន់តែប្រសើរឡើងដើម្បីកាត់បន្ថយផលប៉ះពាល់មកលើទីផ្សារផ្ទាល់ខ្លួនរបស់ប្រទេសពួកគេ”។
លោក ឡោ វិចិត្រ បញ្ជាក់ថា អ្នកបង្កើតគោលនយោបាយក្នុងតំបន់មិនអាចព្យាករ ឬដឹងជាមុនអំពីវិធានការជាក់ស្តែង ឬឧបករណ៍ហិរញ្ញវត្ថុរបស់ប្រទេសចិន ដែលនឹងត្រូវដាក់ឱ្យដំណើរការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនោះទេ។
លោកបានអះអាងថា “បញ្ហាប្រឈមគឺធ្វើយ៉ាងណា ដើម្បីធានាឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រកបដោយភាពរលូន បន្ទាប់ពីមានកំណើនយ៉ាងខ្លាំង។ មានវិធានការជាច្រើន ដែលអាចត្រូវបានដាក់ឱ្យអនុវត្តដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្តល់នូវការលើកទឹកចិត្តពន្ធបន្ថែម និងការផ្អាកយកពន្ធសម្រាប់ការវិនិយោគក្នុងប្រទេសចិន ដើម្បីលើកទឹកចិត្តឱ្យអាជីវកម្មក្នុងស្រុកធ្វើការពង្រីកខ្លួន”។
លោក ឡោ វិចិត្រ បានចង្អុលបង្ហាញថា រដ្ឋាភិបាលចិនអាចបោះជំហានឈានមុខគេឆ្ពោះទៅរកការបង្កើនការនាំចេញ ដោយបញ្ជូនតំណាងពាណិជ្ជកម្មរបស់ខ្លួនទៅចរចាជាមួយតួអង្គទីផ្សារក្នុងតំបន់ជាមួយនឹងការចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលគ្របដណ្តប់លើកូតានៃការផ្លាស់ប្តូរទំនិញ និងសេវាកម្មទៅវិញទៅមកជាមួយប្រទេសនីមួយៗក្នុងតំបន់។
លោកបន្ថែមថា“របៀបដែលប្រទេសចិននឹងដោះស្រាយតម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន គឺជាអ្វីដែលយើងគួរព្រួយបារម្ភ ជាជាងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន”។
លោក ឡោ វិចិត្រ លើកឡើងថា យើងបានមើលឃើញច្រើនដងហើយ ដែលប្រទេសចិនបានរះត្រដែតឡើងលើសពីការរំពឹងទុក ចាប់តាំងពីការបើកសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ១៩៧៨ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ តាមរយៈការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១។
លោក ឡោ វិចិត្រ បានសង្កត់ធ្ងន់ថា “ការដួលរលំនៃរឿងសេដ្ឋកិច្ចចិនគ្រាន់តែជាការប្រឌិតតែម្ខាងប៉ុណ្ណោះ ដែលបង្កើតឡើងដោយអ្នក ដែលមិនមានការយល់ដឹងអំពីសមត្ថភាពបង្កើតគោលនយោបាយរបស់ទីក្រុងប៉េកាំង”។
លោកបន្តថា “ការធ្លាក់ចុះជាលក្ខណៈបណ្ដោះអាសន្ននេះ នឹងជះផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់សេដ្ឋកិច្ចកម្ពុជា ខណៈគោលដៅនាំចេញលេខ១របស់កម្ពុជា គឺសហរដ្ឋអាមេរិក មិនមែនចិនទេ ហើយទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជាមានភាពចម្រុះ ហើយអាជីវកម្មរបស់ប្រទេសនេះកំពុងស្វែងរកទីផ្សារថ្មីៗជាញឹកញាប់ និងកំពុងចាប់ផ្តើមផ្លាស់ប្តូរចេញពីឧស្សាហកម្ម ដែលប្រើកម្លាំងពលកម្មទៅជាឧស្សាហកម្មដែលមានតម្លៃខ្ពស់”។
លោក ឡោ វិចិត្រ បានថ្លែងថា ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងចិនកំពុងឈានឡើងដល់កម្រិតខ្ពស់ថ្មី។ លោកបានបន្តថា “មេដឹកនាំនៃប្រទេសទាំង២បានប្តេជ្ញាអនុវត្តគំនិតផ្តួចផ្តើមថ្មីដូចជាច្រករបៀងអង្ករត្រីកម្ពុជា-ចិន និងច្រករបៀងឧស្សាហកម្មកម្ពុជា-ចិន ហើយប្រទេសចិននឹងបន្តជំរុញការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា ដែលនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ចិន”។
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក បានលើកឡើងថា វាច្បាស់ណាស់ថា កម្ពុជានឹងរងផលប៉ះពាល់ រួមជាមួយនឹងតំបន់ ប៉ុន្តែយើងត្រូវយល់ថា ប្រទេសចិនគឺជាប្រទេសធ្វើពាណិជ្ជកម្មលេខ១សម្រាប់ប្រទេសជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។
លោកបន្តថា “កម្ពុជាមានទំនាក់ទំនងពហុសមាសភាគជាមួយប្រទេសចិន។ ទោះជាយ៉ាងណាក្តី ផលប៉ះពាល់ពាណិជ្ជកម្មដែលឆ្លុះបញ្ចាំងនៅក្នុងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាគឺមានត្រឹមតែ៤ភាគរយប៉ុណ្ណោះ”។
លោករំពឹងថា អ្នកបង្កើតគោលនយោបាយចិននឹងសម្រេចបាននូវការសម្រេចចិត្តសមស្រប ដែលនឹងជំរុញការចំណាយក្នុងស្រុក និងយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងវិបត្តិអចលនទ្រព្យផងដែរ៕