វិភាគៈតើព្រះអាទិត្យនឹងរះជាថ្មីលើទឹកដីខេត្តព្រះសីហនុឬនា ពេលអនាគត?

0

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

      ព្រះសីហនុៈ ទឹកសមុទ្រឆ្នេរអូរឈើទាល មានកំពស់ខ្ពស់ជាងមុន នៅចុងរដូវវស្សានេះ។ សម្លេងទឹករលកបានបោកបក់ឈូរឆរបន្លឺឡើង ជំនួសសម្លេងស្ងៀមស្ងាត់របស់ទីក្រុងនេះ ដែលធ្លាប់អ៊ូឬអរខ្លាំងកាលពីជាង៣ឆ្នាំមុន។

មជ្ឈមណ្ឌលពាណិជ្ជកម្ម អាគារជាប់គាំង ដែលសាងសង់មិនទាន់បញ្ចប់រាប់រយអាគារ បាននិងកំពុងឈរច្រង៉េងច្រងាង នៅតាមដងវិថីនានា ពិសេសតំបន់ឆ្នេរសុខា ឆ្នេរឯករាជ្យ និងតំបន់មួយចំនួនទៀត។

តើស្ថានភាពទីក្រុងនេះកំពុងដូចម្តេច?

      ការចាកចេញរបស់ប្រជាជន និងអ្នកវិនិយោគចិន បានធ្វើឲ្យប្រជាពលរដ្ឋនៅទីក្រុងនេះខកចិត្ត ប៉ុន្តែវាមិនមែនធ្វើឲ្យគ្រប់គ្នាមិនសប្បាយចិត្តនោះឡើយ។

ជំនួសមកវិញ ជនជាតិឥណ្ឌូនេស៊ី នេប៉ាល់ និងជនជាតិមួយចំនួនទៀត បានចូលមកកាន់ទីក្រុងនេះកាន់តែច្រើន ដោយពួកគេធ្វើការនៅតាមកាស៊ីណូអនឡាញ នៅក្នុងទីក្រុងនេះ ដែលនៅតែដំណើរការលួចលាក់ដដែល។

លោកESAGAR ជនជាតិនេប៉ាល់មួយរូប បានអង្គុយញាំស្រាវីស្គី នៅឆ្នេរអូរឈើទាល កាលពីសប្តាហ៍មុ​នបាននិយាយថា លោ​កបានមកកាន់ទីក្រុងនេះ អស់រយៈពេល៨ខែហើយ ដោយមកធ្វើការនៅទីក្រុងនេះ ក្នុងនាមជាអ្នកបំរើការងារអនឡាញ ដែលលោកបានប្រាប់ថា ទីនេះអាចរកប្រាក់បានគួរសម សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ។

លោកបានឲ្យដឹងថា “ខ្ញុំគិតថាទីក្រុងនេះស្អាតណាស់ ខ្ញុំមិនបានមកដល់ នៅពេលមានជនជាតិចិនមកច្រើនទេ តែពេលនេះជនចិនមិនមានច្រើនឡើយ”។ លោកបន្ថែមថា “ខ្ញុំគិតថាទីក្រុងនេះមានអ្វីពិសេសជាច្រើន ដែលនឹងទាក់ទាញជនបរទេស មកកាន់ទីក្រុងនេះឡើងវិញ ច្រើននាពេលអនាគ”។

ងាកទៅកាន់សំណង់អាគារជាប់គាំងវិញ យើងឃើញថារដ្ឋាភិបាលបាននិងកំពុងខិតខំលើកទឹកចិត្ត ចំពោះម្ចាស់អាគារជាប់គាំងនានា និងបាននិងកំពុងដោះស្រាយបញ្ហានេះបណ្តើរៗ ប៉ុន្តែសកម្មភាពជាក់លាក់ណាមួយ មិនទាន់បង្ហាញលទ្ឋផលឲ្យឃើញនៅឡើយទេ ដោយ​សារវាត្រូវការពេលវេលាបន្ថែមទៀត។

អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ធ្លាប់បានមានប្រ​សា​​សន៍ថា គណៈកម្មការអន្តរក្រសួងដោះស្រាយ បញ្ហាអាគារជាប់គាំង កំពុងកំណត់អត្តសញ្ញាណអាគារទាំងនោះ ដើម្បីរកដំណោះស្រា​យដោយឈរលើយន្តការ ដោះស្រាយតាមជំហានៗ និងសមស្របតាមពេលវេលា និងករណីជាក់ស្តែង។

ទីក្រុងស៊ិនជិននៃអនាគត

      រដ្ឋាភិបាល និងក្រុមអ្នកជំនាញការចិនជាច្រើន ដែលធ្លាប់បានរៀបចំទីក្រុងស៊ិនជិន នៅប្រទេស​ចិន កំពុងរៀបចំប្រែក្លាយទីក្រុងនេះ ជាទីក្រុងពហុបំណង ជាមួយនឹងការច្របាច់បញ្ចូលគ្នា នូវទម្រង់នគរូបនីយកម្មមួយ ដែលផ្សារភ្ជាប់រវាងសំណង់អាគារ ភាពបៃតង តំបន់សេដ្ឋកិច្ចពិសេស ទេសចរណ៍ និងវិស័យឧស្សាហកម្ម។

ការកសាងនូវប្រព័ន្ឋខ្សែក្រវ៉ាត់សេដ្ឋកិច្ច តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន បាននិងកំពុងធ្វើឲ្យទីក្រុងនេះមានការរីកចម្រើនលឿន ប៉ុន្តែក៏មានការខកចិត្តផងដែរ។

ការរីកចម្រើនដូចពពុះសាប៊ូ

      រយៈពេលពេលត្រឹម៤ឆ្នាំ ទីក្រុងនេះបានស្រូបយកលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ប្រមាណ៨០០០លានដុល្លារអាមេរិក ដែលភាគច្រើន ជាការវិនិយោគរបស់អ្នកធុរកិច្ចចិន ជនជាតិកូរ៉េ ឥណ្ឌូនេស៊ីនិងជនជាតិកម្ពុជាជាដើម។

លទ្ឋផលនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងការបើកទ្វារស្វាគមន៍ប្រជាជន និងអ្នកវិនិយោគចិនដូចទឹកបាក់ទំនប់ បានធ្វើឲ្យទីក្រុងនេះ ផ្លាស់ប្តូរមុខមាត់ទាំងស្រុង ទាំងលើសំណង់អាគារ និងរូបភាពផ្សព្វផ្សាយអវិជ្ជមាន លើបណ្តាញសារព័ត៌មានអន្តរជាតិ។

លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍ លើវិស័យឧស្សាហកម្ម និងធ្វើពិធកម្មដល់ការនាំចេញរបស់កម្ពុជាផងដែរ។

ផ្លូវល្បឿនលឿនទី១ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា បាននិងកំពុងធ្វើឲ្យទីក្រុងនេះ ទទួលបានការចាប់អារម្មណ៍កាន់តែច្រើន ពិសេ​សភ្ញៀវទេសចរណ៍ ក្នុងស្រុករាប់ម៉ឺននាក់ បានទៅទស្សនាទីក្រុងនេះរៀងរាល់ខែ។

ការខកចិត្ត

ការបិទហ្គេមអនឡាញយ៉ាងតក់ក្រហល់ និងការមកដល់នៃជំងឺកូវីដ១៩នៅឆ្នាំ២០២០ បានធ្វើឲ្យទីក្រុងនេះស្លោកស្រពោន គួរឲ្យកត់សំគាល់ ខណៈអ្នកវិនិយោគឆ្លាតវៃ បានប្រមូលប្រាក់រាប់លានដុល្លារចេញពីទីក្រុងនេះ ប៉ុន្តែទន្ទឹមគ្នានោះ ក៏មានអ្នកវិនិយោគខ្មែរ និងចិនជាច្រើន បានរងការខាតបង់ប្រាក់រាប់រយលានដុល្លារផងដែរ។

លើសពីនេះទៀត អ្វីដែលគួរឲ្យខកចិត្ត គឺការរំពឹងការវិលត្រលប់​របស់អ្នកវិនិយោគចិន ហាក់នៅឆ្ងាយនៅឡើយ ស្របពេលប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានអន្តរជាតិនានា បាននិងកំពុងវាយប្រហារកម្ពុជាជារៀងរាល់ថ្ងៃ ដែលមិនត្រឹមបង្កការភ័យខ្លាច ដល់អ្នកវិនិយោគនោះទេ ប៉ុន្តែក៏បានបង្កផលប៉ះពាល់យ៉ាងសម្បើម ដល់ភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។

ជាមួយនឹងក្តីសង្ឃឹម លោកសៅ ហុកប្រធានKW Cambodiaសាខាខេត្តព្រះសីហនុ និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តនៅតែមានសុទិដ្ឋិនិយម ពីការរីកចម្រើនរបស់ទីក្រុងនេះ នាពេលអនាគតឆាប់ៗនេះ។

លោកបានមានប្រសាសន៍ថា “យើងទទួលបានភ្ញៀវទេសចរណ៍ក្នុងស្រុកច្រើនមកកាន់ទីក្រុងនេះ វាជាសញ្ញាវិជ្ជមាន ព្រោះឲ្យតែមានមនុស្ស គឺមានលុយមកដល់ហើយ”។ លោកបន្តថា “ទីក្រុងនេះមានសក្តានុពលច្រើនណាស់ ដែលយើងអាចចាប់យកជាបន្តបន្ទាប់ បើទោះជាអ្វីៗ វាមិនរីកចម្រើនលឿនដូចពីមុនមកក្តី”។

សម្លឹងទៅកាន់អនាគតប្រកបដោយសុទិដ្ឋិនិយម

      សម្លេងការដ្ឋានសាងសង់សំណង់អាគារនានា បានស្ងប់ស្ងាត់ ប៉ុន្តែនៅឯកំពង់ផែព្រះសីហនុវិញ កំពុងបន្លឺសម្លេងការដ្ឋានសាងសង់​កំពង់ផែទឹកជ្រៅ ក្រោមជំនួយជប៉ុន ដែលកំពង់ផែនេះនឹងបើកផ្លូវដល់កម្ពុជា អាចបញ្ចូនទំនិញបានលឿន និងមានឯករាជ្យភាពជាងមុន តាមរយៈការកាត់បន្ថយ ការជាប់គាំងលំហូរទំនិញ នៅកំពង់ផែប្រ​ទេ​សជិនខាង។

លើសពីនេះ ការពង្រីកផ្លួវរត់របស់យន្តហោះ នៅព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងនេះ និងការដាក់ចេញនូវការកសាងទីក្រុងពហុបំណង បាននិងកំពុងធ្វើឲ្យទីក្រុងនេះ មានឱកាសរីកចម្រើនជាថ្មី ប៉ុន្តែការរីកចម្រើននេះ ទំនងជាស្ថិតក្នុងបរិបទនៃសេដ្ឋកិច្ចកម្ពុជា។

តារារះនាទិសនារតីនេះ បាននិងកំពុងទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មជាច្រើនផងដែរ តាមរយៈការមកដល់របស់ក្រុមហ៊ុនចិន ក្រុមហ៊ុនអាមេរិក កូរ៉េ ជប៉ុនជាដើម។

ទឹកសមុទ្រខៀវថ្លាយ៉ង់ ឆ្លុះដល់បាតដី និងសម្បត្តិធនធានធម្មជាតិចម្រុះ និងដ៏សម្បូរបែបរបស់ខេត្ត បាននិងកំពុងហុចសក្តានុពលលើវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍រមណីយដ្ឋានលំហែរ ពីសំណាក់អ្នកធុរកិច្ចក្នុងស្រុក និងអន្តរជាតិផងដែរ។

ការវិលត្រលប់មកវិញនូវអ្វីដែលគេទន្ទឹងរង់ចាំ

      ការចាកចេញរបស់ប្រជាជន និងអ្នកវិនិយោគចិន នៅតែជាការខកចិត្ត ប៉ុន្តែក្តីសង្ឃឹមនៅតែមាន ស្របពេលការប្រកាន់យកគោលនយោបាយចិនតែមួយ និងការកសាងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ បង្កើនកម្រិតទំនាក់ទំនងត្បូងពេជ្រ នៅតែលេចត្រដែតក្នុងទំនាក់ទំនងរវាងចិន និងកម្ពុជា ដែលត្រូវបានប្រដូចនឹងដែកថែបមិនអាចកាត់បំបែកបាន។

ជាក់ស្តែង មហាសេដ្ឋីអចលនទ្រព្យចិន លោក វ៉ាង ហ្ស៊ី (Wang Shi) និងអ្នកធុរកិច្ចចិនប្រមាណ៥០ក្រុមហ៊ុន បានមកទស្សនា និងសិក្សាស្វែងយល់ ពីឱកាសវិនិយោគនៅកម្ពុជា ពិសេសក្រុងព្រះសីហនុកាលពីសប្តាហ៍មុន។

លោកបានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និងបានសិក្សាពីសក្តានុពលនៅខេត្តព្រះសីហនុ ដោយប្រតិភូរបស់លោក កំពុងចាប់អារម្មណ៍ និងចូលរួមសង្រ្គោះអាគារជាប់គាំងឡើងវិញ ប៉ុន្តែថាតើពេលណាពួកគេនឹងចាប់ផ្តើម ចាប់ផ្តើមដោយរបៀបណា និងបោះទុនយ៉ាងដូចម្តេច មិនទាន់មានព័ត៌មានលំអិតនៅឡើយទេ។

តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានអះអាងថា វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ អាចជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។

ជាមួយគ្នានេះ វត្តមានរបស់អ្នកធុរកិច្ចចិនធំៗជាច្រើនទៀត នឹងលេចវត្តមាននៅកម្ពុជានាពេលខាងមុខ ប៉ុន្តែតើទីក្រុងនេះអាចងើបពីសុបិនអាក្រក់នៅពេលណា អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចចិន ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ការលើកទឹកចិត្កពីរាជរដ្ឋាភិបាលកម្ពុជា និងឱកាសរកបានផលចំណេញ ត្រលប់ពីការវិនិយោគរបស់ពួកគេផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here