ទីផ្សារអចលនទ្រព្យរបស់តំបន់អឺរ៉ុបកំពុងពុះកញ្ជ្រោល ខណៈគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់កំពុងរីកធំឡើង

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់តំបន់អឺរ៉ុបក្នុងឆ្នាំ២០២៥ កំពុងពុះកញ្ជ្រោល ដោយសារការកើនឡើងនៃថ្លៃជួល ការវិនិយោគដ៏រឹងមាំ និងតម្លៃលំនៅឋានកំពុងកើនឡើង។ កង្វះនៃការផ្គត់ផ្គង់លំនៅឋានថ្មី កំពុងធ្វើឱ្យមនុស្សជាច្រើនមិនមានលទ្ធភាពទិញលំនៅឋាន។

នៅតាមបណ្តាទីក្រុងជាច្រើននៅតំបន់អឺរ៉ុប តម្លៃជួលផ្ទះនៅតែបន្តកើនឡើង។ យោងតាមការស្ទង់មតិថ្មីៗនេះលើទីក្រុងចំនួន៥៩ បង្ហាញថា តម្លៃជួលបានកើនឡើងប្រហែល២,៤ភាគរយក្នុងរយៈពេលជាច្រើនខែកន្លងមក។

ការវិនិយោគលើទីផ្សារអចលនទ្រព្យលំនៅឋាននៅតែមានភាពសកម្ម ដោយបានកើនឡើងនៅឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ តម្លៃផ្ទះនៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបកំពុងកើនឡើងយ៉ាងគំហុក ជាពិសេសទីក្រុង ដែលមានតម្រូវការលំនៅឋានខ្ពស់ និងជួបប្រទះកង្វះនៃការផ្គត់ផ្គង់។

គម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់លំនៅឋានកំពុងរីកធំឡើង។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា តំបន់អឺរ៉ុបត្រូវការផ្ទះថ្មីរាប់លានខ្នងដើម្បីបំពេញតម្រូវការ។ ប៉ុន្តែ ការចេញលិខិតអនុញ្ញាតសាងសង់ នៅតែមានកម្រិតទាប។

ទីផ្សារអចលនទ្រព្យនៅប្រទេសមួយចំនួននៅតែមានភាពរឹងមាំ ជាពិសេសប្រទេសនៅតំបន់អឺរ៉ុបខាងត្បូង ឬតំបន់អឺរ៉ុបខាងកើត។ កំណើននៃតម្លៃផ្ទះមានកម្រិតខ្ពស់ ដែលជំរុញដោយតម្រូវការ ការវិនិយោគ និងការផ្គត់ផ្គង់នៅមានកំណត់៕ប្រភព: Euronews៕

LEAVE A REPLY

Please enter your comment!
Please enter your name here