ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បាននិងកំពុងចាប់ផ្តើមនៅក្នុងជំពូកថ្មីមួយ សម្រាប់ចំណងមិត្តភាពដែកថែបចិន-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីទាំងពីរ។
លោកបន្តថា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ ការចូលរួមចំណែករួមគ្នា និងផលប្រយោជន៍រួម គំនិតផ្តួចផ្តើមនេះ បានពុះពារឧបសគ្គភូមិសាស្រ្តជាច្រើន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
-->

លោក Wang កត់សម្គាល់ថា មួយទសវត្សរ៍មុន នៅពេលដែលប្រធានាធិបតីចិន លោកស៊ី ជីនពីង បានស្នើគំនិតផ្តួចផ្តើមនេះឡើង វាទទួលបានការចាប់អារម្មណ៍ភ្លាមៗ ដោយទទួលបានការសាទរ និងការគាំទ្រ យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ទៀតថា ក្នុងនាមជាមិត្តរបស់ចិន កម្ពុជាគឺជាអ្នកគាំទ្រទីមួយ នៃគំនិតផ្តួចផ្តើមនេះ ដោយជឿជាក់យ៉ាងមុតមាំថា វាមិនត្រឹមតែជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលលើកកម្ពស់អភិបាលកិច្ចសកល និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយនឹងផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផលប្រយោជន៍ សាធារណៈអន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ។
លោក Wang បញ្ជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំរបស់យើង ប្រទេសចិន និងកម្ពុជាទទួលបានទំនាក់ទំនងដ៏រឹងមាំ ដោយឈរលើសមភាព ទំនុកចិត្តគ្នាទៅវិញទៅមក ភាតរភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានឆ្លុះបញ្ចាំង នៅក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃខ្សែក្រវ៉ាត់ និងផ្លូវ និងការកសាងសហគមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

លោកបានបន្ថែមថា គំនិតផ្តួចផ្តើមនេះ បានធ្វើឱ្យជីវិតប្រជាជនមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើសមត្ថភាពផលិតកម្ម ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ បានស្តែងឱ្យឃើញពីភាពជោគជ័យ តាមរយៈគម្រោងសំខាន់ៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពហុកីឡដ្ឋានជាតិមរតកតេជោ និងស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគកំពូលរបស់កម្ពុជា ជាច្រើនឆ្នាំជាប់ៗគ្នា ហើយអង្ករ ចេក ស្វាយ មៀន ដូង និងផលិតផលកសិកម្មផ្សេងទៀតរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈស្មាតហ្វូន និង រថយន្តអគ្គិសនី”Made in China” កំពុងតែពេញនិយមខ្លាំងនៅកម្ពុជា។
លោកបានបន្ថែមថា “ក្នុងរយៈពេលតែ១ទសវត្សរ៍ប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការBRI បានសម្រេចផ្លែផ្កា ដោយនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនចិន និងកម្ពុជាដូចគ្នា”៕