ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជា ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងកិច្ចសហប្រតិបត្តិការសម្រាប់មូលនិធិពិសេស នៃគំរោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង២០១៨ ចំនួន១៩គម្រោងដែលមានទឹកប្រាក់សរុបជាង ៧.៦៦លានដុល្លារអាមេរិកដោយផ្តោលើសកម្មភាពទាក់ទងនឹងការពង្រឹងសមត្ថភាព ការអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរកម្មវិធី។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងកិច្ចសហប្រតិបត្តិការសម្រាប់មូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០១៨ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិឲ្យដឹងងថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបាន និងកំពុងបោះជំហានទៅមុខយ៉ាងមាំមួន ជាមួយនឹងចំណងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ តាមរយៈគម្រោងអភិវឌ្ឍន៍នានា។
ប្រមុខការទូតកម្ពុជារូបនេះបន្តថា កម្ពុជាប្តេជ្ញាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ និងឈានទៅរកការប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។
លោក ប្រាក់ សុខុន បានបន្ដថា កន្លងមកប្រទេសកម្ពុជាបានទទួលគម្រោងសរុបចំនួន៣៥ ដែលមានវិសាលភាពគ្របដណ្តប់ លើសកម្មភាពកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន ដូចជា វិស័យកសិកម្ម ទេសចរណ៍ បច្ចេកទេសព័ត៌មានវិទ្យា អប់រំនិងស្រាវជ្រាវ ធនធានទឹក អភិវឌ្ឍន៍ជនបទ ការតភ្ជាប់ផ្លូវអាកាស ការផ្លាស់ប្តូរផ្នែកវប្បធម៌ និងសាសនា ខណៈដែលគម្រោងមួយចំនួនត្រូវបានបញ្ចប់ជាស្ថាពរ និងគម្រោងដែលនៅសល់ផ្សេងទៀត ជិតត្រូវបានបញ្ចប់។
លោកបន្ថែមទៀតថា នៅក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃទិន្នន័យ និងការច្នៃប្រឌិតថ្មីរបស់ពិភពលោក សមត្ថភាពនៃការចែករំលែក ចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍ របស់ប្រទេសមេគង្គ និងចិន ដែលជាហេដ្ឋារចនាសម្ព័ន្ធទន់ បានជួយបំពេញយ៉ាងល្អទៅដល់ហេដ្ឋារចនាសម្ព័ន្ធរឹង ដែលត្រូវបានអនុវត្តក្រោមគម្រោងទ្វេភាគី និងពហុភាគីដទៃទៀត។
គម្រោងរបស់កម្ពុជាចំនួន១៩ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៤ នៅទីក្រុងហ្លួងប្រាបាង្គ ប្រទេសឡាវ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨៕